(ម៉ូនិច)៖ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះ សហព័ន្ធគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានរកឃើញ ៤ប្រទេស (ក្រុម) ក្នុងការឈានទៅលេងជុំចុងក្រោយ វគ្គ ២៤ក្រុមដោយស្វ័យប្រវត្តិ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯក Euro 2024 លើកទី១៧។

ក្រៅពីអាល្លឺម៉ង់ ប្រទេសម្ចាស់ផ្ទះដោយមិនចាំបាច់ឆ្លងកាត់វគ្គជម្រុះនោះ បារាំង ព័រទុយហ្គាល់ និងប៊ែលហ្សិក ក៏បានចូលរួមជាមួយពួកគេ ក្នុងការទៅលេងវគ្គចែកពូល ២៤ក្រុមនាឆ្នាំក្រោយនេះដែរ បន្ទាប់ពីឆ្លងកាត់ ១ប្រកួតនាយប់មិញនេះ។

ប៊ែលហ្សិក ដែលហាលអាវត្រឹមវគ្គ ៨ក្រុម ក្រោមថ្វីជើងក្រុមជើងឯកអ៉ីតាលីកាលពី Euro 2020 បានឈរលេខ១ ប្រចាំពូល F ដ្បិតយក ២ក្រុមមានពិន្ទុខ្ពស់ជាងគេ ដើម្បីឡើងទៅ Euro 2024។ នេះជាលើកទី៦ សម្រាប់ពួកគេ ក្នុងការបង្ហាញខ្លួននៅពានអឺរ៉ុបជុំចុងក្រោយ គ្រាដែលមាន់គកបារាំង នឹងបង្ហាញខ្លួនលើកទី១០ ក្នុងនាមជាក្រុមកំពុងឈរនៅកំពូល តារាងប្រចាំពូល B។

ដូចគ្នានោះដែរ ព័រទុយហ្គាល់អតីតជើងឯក Euro នៅឆ្នាំ២០១៦ នោះ បានគ្រប់គ្រងតំណែងកំពូលតារាងប្រចាំពូល J ដាច់ តាមរយៈលេងមិនចាញ់ឡើយនៃវគ្គជម្រុះនេះ។ សមាជិកម្ចាស់ផ្ទះ FIFA World Cup 2030 នឹងបង្ហាញខ្លួនលើកទី៨ ផងដែរក្នុងពាន ៤ឆ្នាំម្តងនេះ គ្រាដែលខ្សែប្រយុទ្ធសំខាន់ និងជាប្រធានក្រុមផងនោះ Cristiano Ronaldo នៅរត់លើទីលាននៅឡើយ បើទោះបីជាមានវ័យ ៣៨ឆ្នាំនាពេលនេះក្តី៕