(បរទេស)៖ បច្ចុប្បន្នក្រុមហ៊ុន Samsung បាននាំមុខគេទៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់(Foldable Phone) ខណៈដែលក្រុមហ៊ុនចិនដូចជា Oppo, Vivo និង Huawei កំពុងតែមមាញឹកក្នុងការប្រកួតដើម្បីដណ្ដើមយកចំណែកទីផ្សារពី Samsung។

បើទោះជាក្រុមហ៊ុនទាំងនេះ កំពុងជោគជ័យ និងប្រកួតប្រជែងគ្នាក្ដី អ្វីដែលអ្នកប្រើប្រាស់ចង់ឃើញននោះគឺ វត្តមាន iPhone អេក្រង់បត់របស់ក្រុមហ៊ុន Apple។

ខាងក្រោមនេះជាហេតុផលមួយចំនួនដែល Apple មិនទាន់បញ្ចេញ ឬឈានជើងចូលទីផ្សារមួយនេះ៖

បច្ចេកវិទ្យា៖ បច្ចេកវិទ្យាអេក្រង់បត់គឺជាបច្ចេកវិទ្យាថ្មីមួយដែលទើបដាក់ឲ្យប្រើប្រាស់ ប៉ុន្តែសម្រាប់ Apple គឺត្រូវសិក្សាឲ្យច្បាស់លាស់ និងល្អិតល្អន់បំផុត។ បច្ចុប្បន្នបច្ចេកវិទ្យាមួយនេះកំពុងជួបបញ្ហាប្រឈមជាច្រើន ដូចជាស្នាមផ្នត់នៅលើអេក្រង់ត្រង់កន្លែងបត់, ភាពធន់ និងអាយុកាលនៃការប្រើប្រាស់ថ្ម។ Apple ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានភាពចាស់ទុំ និងមានផលិតផលស្ដង់ដារបំផុត ដូច្នេះមុននឹងចេញលក់នៅលើទីផ្សារគឺត្រូវឲ្យប្រាកដថា វាមានបញ្ហាតិចតួច ឬគ្មាន។

ថ្លៃដើម៖ ទូរស័ព្ទដែលអាចបត់បាននាពេលបច្ចុប្បន្នមានតម្លៃថ្លៃ ព្រោះតែបច្ចេកវិទ្យាថ្មី និងត្រូវប្រើគ្រឿងបង្គំច្រើន។ យោងតាមការសិក្សារបស់អ្នកជំនាញបានលើកឡើងថា Apple អាចនឹងរង់ចាំឲ្យគ្រឿងបង្គំមានការធ្លាក់ចុះតម្លៃបន្តិច។

កម្មវិធី៖ ដូចដែលគ្រប់គ្នាបានដឹងហើយថា ស្មាតហ្វូនអេក្រង់បត់គឺមានអេក្រង់ធំ ជាពិសេសកម្មវិធីប្រើប្រាស់របស់វាត្រូវតែមានភាពទាក់ទាញ។ បើមិនដូច្នោះទេ អ្នកប្រើប្រាស់អាចនឹងមិនសូវចាប់អារម្មណ៍ឡើយ ហើយចំណុចនេះច្បាស់ណាស់ គឺ Apple បាននិងកំពុងសិក្សាដោយយកចិត្តទុកដាក់បំផុត។

តម្រូវការ៖ នៅ​មិន​ទាន់​ដឹង​ថា​ តើ​មាន​តម្រូវ​ការ​ប៉ុន្មាន​សម្រាប់ iPhone អេក្រង់បត់។ អ្នកវិភាគមួយចំនួនជឿថា ទូរសព្ទដែលអាចបត់បានគឺជាទីផ្សារពិសេសមួយ ខណៈពេលដែលអ្នកផ្សេងទៀតជឿថា ពួកវានឹងក្លាយជាស្មាតហ្វូនដែលសំខាន់បំផុតនាពេលអនាគត។ Apple ទំនង​ជា​កំពុង​រង់ចាំ​មើល​ថា​តើ​ទីផ្សារ​ទូរស័ព្ទ​មួយនេះ មាន​ការ​វិវឌ្ឍ​យ៉ាង​ណា​មុន​ពេល​បញ្ចេញ​ផលិតផល​របស់​ខ្លួន។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ មានពាក្យចចាមអារ៉ាមថា Apple កំពុងធ្វើការលើ iPhone ដែលអាចបត់បាន។ អ្នកវិភាគដ៏ល្បី គឺលោក Ming-Chi Kuo បានទស្សន៍ទាយថា Apple នឹងបញ្ចេញ iPhone ដែលអាចបត់បាននៅឆ្នាំ ២០២៥ខាងមុខនេះ។ ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងមានអេក្រង់ទំហំ ៨ អ៊ីញ។

សរុបមក វាទំនងជាថា Apple កំពុងរង់ចាំពេលវេលាដ៏ស័ក្តិសម ក្នុងការចេញ iPhone ដែលអាចបត់បាន។ ក្រុមហ៊ុនចង់ធ្វើឱ្យប្រាកដថា បច្ចេកវិទ្យារបស់ខ្លួនមានភាពចាស់ទុំ ការចំណាយអាចទទួលយកបាន និងមានតម្រូវការគ្រប់គ្រាន់សម្រាប់ផលិតផល៕