(ម៉ាឌ្រីដ)៖ លោក Jorge Vilda អតីតគ្រូបង្វឹកស្រ្តីអេស្ប៉ាញ ដែលទើបឈ្នះជើងបាល់ទាត់ពិភពលោក FIFA Women’s World Cup 2023 នោះ ត្រូវបានតែងដឹកនាំក្រុមជម្រើសជាតិស្រ្តីម៉ារ៉ុក ក្រោមកិច្ចសន្យាបិទជិត។

បុរសវ័យ ៤២ឆ្នាំរូបនេះ ត្រូវបានជំនួសកន្លែងលោក Reynald Pedros ដែលបានលាឈប់ បន្ទាប់ពីដឹកនាំក្រុមនៅអាហ្វ្រិកមួយនេះ ឡើងមកលេងជុំចុងក្រោយជាលើកដំបូងនៅ Women’s World Cup 2023 ជាទីដែលពួកគេបានចាញ់បារាំង ក្នុងវគ្គ ១៦ក្រុមនោះ។

លោក Vilda បានដឹកនាំស្រ្តីអេស្ប៉ាញ ឈ្នះជើងឯក Women’s World Cup លើកដំបូងជាប្រវត្តិសាស្រ្តនារដូវក្តៅនេះ នៅពេលយកឈ្នះគូប្រជែងស្រ្តីអង់គ្លេស ១-០ នៅវគ្គផ្តាច់ព្រ័ត្រ មុនពេលត្រូវបានដកតំណែងធំនេះ ត្រឹមតែរយៈពេល ១ខែក្រោយឈ្នះពិភពលោក ដោយត្រូវបានចោទប្រកាន់មានទំនាក់ទំនងស្និទ្ធជាមួយអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales ដែលមានរឿងអាស្រូវ៕