(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Erling Haaland រកបាន ២គ្រាប់ម្នាក់ក្នុងជ័យជម្នះ ៤ទល់នឹង០ ទៅលើសាយប្រឺស ដើម្បីបន្តក្តីសង្ឃឹមដល់ន័រវេស ក្នុងការប្រជែងកៅអីទៅលេងពាន Euro ឆ្នាំក្រោយនេះនៅប្រទេសអាល្លឺម៉ង់។

គ្រានេះដែរ កីឡាករមកពីក្លិបអង់គ្លេស Manchester City រូបនេះស៊ុតបាន ៦គ្រាប់ឈរនៅចំណាត់ថ្នាក់លេខ២ ជាបណ្តោះអាសន្ន ក្នុងតារាង Top scorer នៃវគ្គជម្រុះពានអឺរ៉ុប លើកទី១៧ ក្រោយចូលលេងបាន ៥ប្រកួតមកដែរ។

ត្រឹមតែ ៧នាទីប៉ុណ្ណោះ Haaland អាចរកបានដល់ទៅ ២គ្រាប់នៃការប្រកួតក្នុងវគ្គទី២ ស្របពេលមិត្តរួមជាតិ Alexander Sorloth និង Fredrik Aursnes រួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នាផងដែរក្នុងទីក្រុង Larnaca របស់សាយប្រឺស ក្នុងប្រកួតទី៦ ជើងទី២ របស់ពួកគេ និងឡើងទៅឈរនៅលេខ៣ វិញផងដែរ តាមពីក្រោយក្រុមលេខ២ អេស្ប៉ាញត្រឹម ២ពិន្ទុ ដ្បិតពួកគេ (អេស្ប៉ាញ) បានយកឈ្នះក្រុមកំពូលតារាងស្កុតឡេន ២-០ នាយប់មិញនេះដែរ។

ន័រវេស នឹងត្រូវប៉ះក្រុមខ្លាំងអេស្ប៉ាញនៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្នុងទីក្រុង Oslo ហើយប្រសិនបើពួកគេចាញ់វិញ នោះស្កុតឡេន នឹងធានាកៅអីទៅលេង Euro 2024 ជុំចុងក្រោយ ២៤ក្រុមដោយស្វ័យប្រវត្តិហើយ ដ្បិត ១ពូល យក ២ក្រុមមានពិន្ទុខ្ពស់ជាងគេ៕