(បរទេស)៖ ទីបំផុតរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិកបានអនុម័តច្បាប់ស្តីពីសិទ្ធិជួសជុល (SB244) ជាផ្លូវការហើយ ដែលតម្រូវឱ្យក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចទាំងអស់ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ច្បាប់នេះអនុវត្តចំពោះផលិតផលជាច្រើនប្រភេទ រួមមាន ទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ ថេប្លេត ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួត។ វាមិនអនុវត្តចំពោះផលិតផលដែលមិនត្រូវបានរចនាឡើងដើម្បីជួសជុលដូចជាអំពូលភ្លើង ឬថ្មដែលប្រើចោលបានទេ។ ជុំវិញការអនុម័តច្បាប់ថ្មីនេះនឹងគ្របដណ្តប់ទៅលើឧបករណ៍អេឡិចត្រូនិច និងឧបករណ៍ប្រើប្រាស់ទាំងអស់ដែលមានតម្លៃចាប់ពី ៥០ដុល្លារឡើងទៅហើយត្រូវបានដាក់លក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាបន្ទាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។

នេះមានន័យថា សម្រាប់ឧបករណ៍អេឡិចត្រូនិចដែលមានតម្លៃចាប់ពី ១០០ដុល្លារឡើងទៅ នឹងតម្រូវឱ្យផ្តល់គ្រឿងបន្លាស់ ឧបករណ៍ជួសជុល ក៏ដូចជាសៀវភៅធានា និងសៀវភៅណែនាំទៅកាន់អតិថិជនរបស់ខ្លួនដែលមានសុពលភាពរយៈពេល ៧ឆ្នាំបន្ទាប់ពីកាលបរិច្ឆេទផលិតរបស់ពួកគេ។ ចំណែកឯឧបករណ៍អេឡិចត្រូនិច ដែលមានតម្លៃក្រោម ១០០ដុល្លារនិងតម្រូវឱ្យមានការផ្តល់ជូនឧបករណ៍សម្រាប់ជួសជុល និងសៀវភៅធានាដូចគ្នាដែលមានរយៈពេល ៣ឆ្នាំ។

គួរជម្រាបដែរថា ក្រុមហ៊ុនគោលដៅដំបូងគេដែលចាប់ផ្តើមអនុវត្តច្បាប់នេះគឺ Apple និង Google ដែលជាអ្នកលេងបច្ចេកវិទ្យាធំបំផុតនៅកាលីហ្វ័រញ៉ា ហើយក្រុមហ៊ុនទាំងនេះត្រូវបានឱ្យដឹងថាបានយល់ព្រមផ្តល់គ្រឿងបន្លាស់ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពរហូតដល់ ៧ឆ្នាំឯណោះ៕