(ឡុងដ៍)៖ ក្លិបកញ្ជ្រោងខៀវ Leicester City បានប្រកាសថា អតីតអ្នកចាត់ការរបស់ពួកគេ គឺលោក Craig Shakespeare ត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺមហារីក។ នេះបើយោងតាមសារព័ត៌មាន Livescore ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។

បុរសវ័យ ៥៩ឆ្នាំ ដែលធ្លាប់បម្រើការងារជាជំនួយការអ្នកចាត់ការចំនួន ៣លើកនៅ Leicester ផងនោះ បច្ចុប្បន្នកំពុងស្ថិតក្រោមការព្យាបាលនៅឡើយ។

អតីតខ្សែបម្រើក្លិប Walsall និង West Brom លោក Shakespeare ធ្លាប់បានធ្វើការងារចំនួន ២លើក ក្នុងតួនាទីជាជំនួយការលោក Nigel Pearson នៅក្លិប Leicester ហើយនៅរក្សាតួនាទីដដែលនេះ ស្ថិតក្រោមការដឹកនាំរបស់លោក Claudio Ranieri ក្នុងពេលដែល Leicester ដណ្តើមបានពានរង្វាន់​ Premier League ក្នុងឆ្នាំ២០១៦។

លោក Shakespeare ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្នក្លិប Leicester នៅពេលដែលលោក Ranieri ត្រូវបានបណ្តេញចេញពីតួនាទីក្នុងឆ្នាំ២០១៧ ហើយក្រោយមកត្រូវបានតែងតាំងជាអ្នកចាត់ការអចិន្ត្រៃយ៍ មុនពេលត្រូវបានបណ្តេញចេញពីតួនាទី ក្រោយពីដឹកនាំបានរយៈពេល ៤ខែ៕