(បរទេស)៖ ក្រុមហ៊ុនផលិតឈីបកំពូល Qualcomm បានធ្វើការប្រកាសជាផ្លូវការថា បន្ទះឈីបកុំព្យូទ័រថ្មីរបស់ខ្លួនដែលមានឈ្មោះ Snapdragon X នឹងមកដល់ក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដែលជាប្រភេទបន្ទះឈីប ARM ប្រើសម្រាប់កុំព្យូទ័រយួរដៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

Snapdragon X នឹងប្រើប្រាស់ដោយបច្ចេកវិទ្យា Oryon CPU របស់ក្រុមហ៊ុន Nuvia (ដែល Qualcomm ទិញយកបានសម្រេចកាលពីឆ្នាំ២០២១) និងជាក្រុមហ៊ុនបង្កើតឡើងដោយអតីតវិស្វករ Apple ដែលធ្លាប់ធ្វើការលើបន្ទះឈីប A-series របស់ iPhone និង iPad របស់ Apple។

ក្រុមហ៊ុន Qualcomm បាននិយាយថា ប្រសិនបើ Snapdragon X អាចដំណើរការបានល្អនោះ វានឹងមានសមត្ថភាពប្រើប្រាស់ថាមពលតិចដូចទៅនឹងបន្ទះឈីប M-Series របស់ Apple បច្ចុប្បន្នអ៊ីចឹង។ មានន័យថា វានឹងក្លាយជាបន្ទះឈីបថ្មីចុងក្រោយ ដែលមានសមត្ថភាពក្នុងការផ្តល់អត្ថប្រយោជន៍ពិសេសសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ ឬ Laptop ដំណើរការដោយ Windows។

គួរជម្រាបដែរថា បន្ទះឈីប Snapdragon X ថ្មីរបស់ Qualcomm ត្រូវបានគេឱ្យដឹងថា នឹងក្លាយជាដៃគូប្រកួតប្រជែងដ៏ខ្លាំងជាមួយនឹងបន្ទះឈីប M-series របស់ Apple នាពេលអនាគត៕