(មេនឆេស្ទើ)៖ លោក Gary Neville ពិធីករកីឡាបាល់ទាត់ប្រចាំទូរទស្សន៍ Sky Sports បានធ្វើការរិះគន់អតីតក្លិបលោកធ្លាប់លេង Manchester United ថានឹងមិនបញ្ចប់ក្នុងតំណែង Top-5 នោះទេ បើសិនណាស្ថិតក្នុងភាពបច្ចុប្បន្ននេះ។

បិសាចក្រហមបានបរាជ័យ ៦លើក ក្នុងចំណោម ១១ប្រកួតសម្រាប់រដូវកាលនេះ ស្ថិតក្រោមការបង្វឹករបស់លោក Erik ten Hag។ ពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ១០ ជាបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ៨ប្រកួតក្នុងលីគ ដោយឈ្នះ៤ និងចាញ់៤ មាន ១២ពិន្ទុក្នុងដៃ។

ការរកបានគ្រាប់ជ័យជម្នះចុងម៉ោងនៅ Premier League របស់ Scott McTominay ទៅលើគូប្រជែង Brentford នៅតែធ្វើឲ្យអតីតខ្សែការពារស្លាបស្តាំ Neville គិតថា ក្រុមមួយនេះនៅតែមានបញ្ហា ក្នុងការប្រជែងតំបន់កៅអីលេងពាន អឺរ៉ុបសម្រាប់រដូវកាលក្រោយទៀត។

លោកថា «ខ្ញុំមិនគិតថា Man Utd បញ្ចប់ក្នុងចំណាត់ថ្នាក់ Top-5 នោះទេរដូវកាលនេះ ក៏ប៉ុន្តែខ្ញុំបានធ្វើការព្យាករណ៍ខុសរដូវកាលមុន ដោយសំអាងលើដើមរដូវកាល ដោយចាប់ផ្តើមពុំបានល្អដូចគ្នា។ ដូចគ្នានោះដែរ Chelsea ក៏នឹងមិនដាច់ឆ្ងាយដែរ ប្រសិនបើពួកគេមានប្រយុទ្ធតំបន់កណ្តាល ដ្បិតពួកគេត្រូវការកីឡាករ ២នាក់បន្ថែមទៀត ក្រោយចំណាយអស់ ១ពាន់លានដុល្លារហើយនោះ»។

បន្ថែមលើនេះ Neville ក៏បានធ្វើរិះគន់ទៅលើទម្រង់លេងរបស់អ្នកចាំទី Andre Onana ដែលទើបទិញចូលនារដូវក្តៅនេះ ថាពុំទាន់ធ្វើបានល្អនៅឡើយទេ។ លោកនៅតែជឿជាក់ថា Arsenal, Manchester City, Liverpool, Chelsea ឬក៏ Tottenham Hotspur ឬ Newcastle United នៅតែជាក្រុមស្ថិតក្នុងតំបន់ Top-5 ដដែល ដ្បិតបិសាចក្រហម បញ្ចប់ក្នុងតំណែងលេខ៤ នៅលីគកំពូលអង់គ្លេសរដូវកាលមុន និងមានកៅអីលេងពាន UEFA Champions League រដូវកាលនេះផងដែរ៕