(អាមេរិក)៖ តារាចម្រៀងល្បីឈ្មោះ TaylorSwift បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនភាពសប្បាយរីករាយទៅកាន់ក្រុមអ្នកគាំទ្រ បន្ទាប់ពីនាងបានប្រកាសពីការចេញផ្សាយដំបូង នៃភាពយន្តឯកសារ ErasTour ជាមួយនឹងការបន្ថែមម៉ោងបញ្ចាំង សម្រាប់ការសម្តែងពិសេស ក្រោមវត្តមានរបស់នាងផ្ទាល់នៅរោងកុន LosAngeles។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International TheNews នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ម្ចាស់ជយលាភី Grammy ១២សម័យកាល ដែលមានអាយុ៣៣ឆ្នាំរូបនេះ បានបង្ហោះក្នុងបណ្តាញសង្គម Instagram របស់នាងកាលពីថ្ងៃពុធ ទី១១ ខែតុលា ដើម្បីជាការទម្លាយព័ត៌មានខ្លះៗ ទៅកាន់អ្នកគាំទ្រ។ នាងបានសរសេរថា «យើងក៏នឹងបន្ថែមម៉ោងបញ្ចាំងបន្ថែម នៅថ្ងៃសុក្រ និងពេញមួយសប្តាហ៍ផងដែរ។ សំបុត្រទាំងអស់នឹងមានលក់នៅម៉ោង១០ព្រឹកស្អែកនេះ (ម៉ោងនៅអាមេរិក)។ ហើយវានឹងត្រូវបង្ហាញចាប់ពីថ្ងៃសុក្រក្នុងប្រទេសចំនួន៩០ជុំវិញពិភពលោក»

ព័ត៌មានខាងលើនេះ គឺបានបង្ហោះឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៃការបញ្ចាំងដំបូងរបស់ភាពយន្តនៅ LosAngeles ដែល Swift បានចូលរួមជាមួយក្រុមអ្នកគាំទ្រ ដោយផ្ទាល់ដើម្បីញញ្ញាក់អារម្មណ៍អ្នកគាំទ្រ។ ដោយការបង្ហាញខ្លួនក្នុងរោងកុនរបស់នាង ទៅកាន់អ្នកគាំទ្រ គឺ Swift ស្លៀករ៉ូប Cinderella-esque ពណ៌ខៀវជាការគោរពចំពោះកំណត់ត្រាចាស់របស់នាង កាលពីឆ្នាំ១៩៨៩៕