(ភ្នំពេញ)៖ ថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយ ក្នុងវិស័យកីឡាម៉ូតូទឹក បន្ទាប់ពីវីរកីឡាករ សាលី អ៊ូមើត បានទម្លាយថា ក្រុមម៉ូតូទឹកកម្ពុជា (កំពុងហាត់នៅថៃ) ដែលដឹកនាំដោយរូបលោក មិនត្រូវបានខ្វល់ខ្វាយ ឬយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា សូម្បីការឧបត្ថម្ភក៏គ្មាន។

ជុំវិញការទម្លាយព័ត៌មានដ៏រសើប រហូតធ្វើឲ្យមានប្រតិកម្មជាខ្លាំងពីសំណាក់មហាជន ពិសេសអ្នកគាំទ្រវិស័យកីឡាម៉ូតូទឹកនេះ លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានចាត់ទុកជារឿងយល់ច្រឡំ ដោយសារការមិនទាន់យល់ច្បាស់ពីគ្នា។ លោកថា សហព័ន្ធ គ្រោងនឹងជួបផ្ទាល់ជាមួយ សាលី អ៊ូមើត ដើម្បីធ្វើការដោះស្រាយលក្ខណៈផ្ទៃក្នុងរបស់សហព័ន្ធទៀតផង។

ឆ្លើយតបសំណួរអ្នកសារព័ត៌មាន អំឡុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងបង្ហាញទិសដៅអភិវឌ្ឍន៍បន្ដរបស់សហព័ន្ធកាលពីថ្ងៃទី១១ ខែតុលា នៅទីស្នាក់ការ NOCC ប្រមុខសហព័ន្ធខាងលើបានបញ្ជាក់ថា «នេះជាកិច្ចការផ្ទៃក្នុងរបស់សហព័ន្ធ ដែលសហព័ន្ធនឹងបន្ដជួបគាត់ (សាលី អ៊ូមើល) ដើម្បីពិភាក្សាកិច្ចការមួយចំនួន ដែលមានការខ្វះខាត ដែលព័ត៌មានមិនត្រូវបានច្បាស់ពីគ្នាទៅវិញទៅមក។ ដូច្នេះសហព័ន្ធនឹងធ្វើកិច្ចការនេះ ក្នុងនាមផ្ទៃក្នុងរបស់សហព័ន្ធ មិនមែនជាកិច្ចធំដុំអ្វីទេ វាជារឿងធម្មតាទេ»

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា «វាអាចជាការ ដូចថា ការយល់ដឹងអំពីតួនាទីរបស់សហព័ន្ធ តួនាទីរបស់ក្លិប ត្រូវធ្វើអ្វី? នេះគឺមិនមែនតែសហព័ន្ធម៉ូតូទឹកទេ ប៉ុន្ដែសហព័ន្ធកីឡាជាតិទាំងអស់ យើងត្រូវការបណ្ដុះបណ្ដាលបន្ថែម ត្រូវការរៀបចំបន្ថែម ក្នុងការផ្សព្វផ្សាយ និងពន្យល់ អំពីតួនាទីរបស់សហព័ន្ធ តួនាទីរបស់ក្លិប ដែលរាជរដ្ឋាភិបាល បានខិតខំ និងជំរុញឲ្យយើងបណ្ដុះបណ្ដាលបន្ថែមជាប្រចាំ។ ចំពោះតទៅមុខ គឺយើងនឹងពិភាក្សាក្នុងកម្រិតផ្ទៃក្នុងមួយ ដើម្បីបំបាត់ការយល់ច្រឡំទាំងអស់នេះ»

គួរដឹងថា អំឡុងពេលដឹកនាំក្រុមម៉ូតូទឹកកម្ពុជាចូលរួមប្រកួត និងដណ្ដើមបានមេដាយភ្លូកទឹកភ្លូកដីពីព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet World Series ឆ្នាំ២០២៣ ជុំទី៣ នៅអាមេរិកកាលពីថ្មីៗ អ៊ូមើត បានទម្លាយថា បេសកកម្មនេះ ក៏ដូចជាការប្រកួតអន្ដរជាតិផ្សេងៗនាពេលកន្លងមក ក្រុមខ្លួនពុំទទួលបានការអើពើ ឬជួយឧបត្ថម្ភពីសហព័ន្ធឡើយ តែផ្ទុយទៅវិញ សហព័ន្ធបានត្រឹមព្រងើយកន្ដើយ រហូតធ្វើឲ្យម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមរូបនេះ ចង់បោះបង់ការប្រកួត និងអាជីពទៀតផង។

កីឡាករខ្មែរ-ឥស្លាមរូបនេះ បានបញ្ជាក់ថា «តាំងពីខ្ញុំប្រឡូកវិស័យកីឡាម៉ូតូទឹកមួយនេះ ខ្ញុំបានចូលជួយប្រទេសកម្ពុជា គឺមិនដែលមានលុយឧបត្ថម្ភពីសហព័ន្ធ សូម្បីតែមួយរៀលលុយខ្មែរ។ ខ្ញុំនិយាយដោយអះអាងពិតៗ មិនកុហក បើថាខ្ញុំកុហស សូមឲ្យប្រធានសហព័ន្ធចេញមតិ ឬសារបកស្រាយ ចំពោះរឿងមួយនេះ»

បែបនេះក្ដី ក្នុងនាមប្រធានក្រុមម៉ូតូទឹកកម្ពុជា ដែលកំពុងហ្វឹកហាត់នៅថៃ អ៊ូមើត នៅតែអរគុណប្រមុខរាជរដ្ឋាភិបាលតាំងពីសម្ដេចតេជោ ហ៊ុន សែន នៅតែជានាយករដ្ឋមន្ដ្រី រហូតដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបច្ចុប្បន្ន ដែលតែងតែគិតគូរ យកចិត្តទុកដាក់ ផ្ដល់កម្លាំងចិត្ត និងគាំទ្រដល់ក្រុមកីឡាម៉ូតូទឹក ក៏ដូចជាកីឡាផ្សេងៗ ទើបធ្វើឲ្យពួកគេរីករាយនឹងបន្ដចូលរួមការប្រកួតនានា ដើម្បីលើកមុខមាត់ និងដណ្ដើមកិត្តិយសជូនជាតិ៕