(បរទេស)៖ ថ្មីៗនេះមានពាក្យចចាមអារ៉ាមមកថា ស្មាតហ្វូនអេក្រង់បត់ OnePlus Open នឹងចេញលក់ក្នុងតម្លៃចាប់ផ្តើមពី ១,៦៩៩ដុល្លារឡើងទៅ ដែលវាមានតម្លៃទាបជាង ១០០ដុល្លារបើធៀបទៅនឹងស្មាតហ្វូនអេក្រង់បត់ដូចគ្នាពីក្រុមហ៊ុន Samsung ម៉ូដែល Galaxy Z Fold 5។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ចេញផ្សាយកន្លងមកឱ្យដឹងថា OnePlus ត្រៀមប្រកាសបង្ហាញស្មាតហ្វូនអេក្រង់បត់ដំបូងបង្អស់របស់ខ្លួននៅចុងឆ្នាំ២០២៣ ខាងមុខនេះ។ ខណៈដែលការ Render រូបភាពថ្មីៗនេះបង្ហាញថា ម៉ូដែល OnePlus Open នឹងចេញមកជាមួយនឹងរូបរាងឌីហ្សាញស្រដៀងគ្នាទៅនឹង Oppo Find N2 ដោយមានអក្រង់ទំហំធំ និងគម្របខាងក្រៅមានទំហំតូចជាង។

OnePlus Open នឹងត្រូវបានបំពាក់ដោយកាមេរ៉ាខាងក្រោយចំនួន ៣គ្រាប់ដែលរួមមានកាមេរ៉ាគោលទំហំ ៤៨មេហ្គាភិចស៊ែ លេន Ultrawide ទំហំ ៤៨មេហ្គាភិចស៊ែ និងលេន Telephoto ទំហំ ៦៤មេហ្គាភិចស៊ែ (3x optical zoom)។ លើសពីនេះទៅទៀតស្មាតហ្វូនអេក្រងបត់ប្រភេទថ្មីនេះ នឹងបំពាក់ដោយបន្ទះឈីបទំនើប Snapdragon 8 Gen 3 រួមទាំងប្រភេទអេក្រង់មកពី BOE ដែលមានគម្របអេក្រង់ខាងក្រៅទំហំ ៦.៣១អ៊ីង និងអេក្រង់បត់ខាងក្នុងទំហំ ៧.៨អ៊ីង ថែមទាំងភ្ជាប់មកជាមួយនឹង RAM LPDDR5X ដល់ទៅ ១៦ជីហ្គាបៃ និង Storage ២៥៦ជីហ្គាបៃផងដែរ។

គួរជម្រាបដែរថា ស្មាតហ្វូននេះនឹងចេញលក់ដំបូងគេសម្រាប់ទីផ្សារ ចិន អាមេរិក និងអឺរ៉ុប ខណៈបណ្តាលប្រទេសផ្សេងទៀតនឹងទៅតាមក្រោយ ប៉ុន្តែចំពោះទីផ្សារអាឡឺម៉ងទំនងមិនត្រូវបានដាក់លក់នោះទេ ដោយសារក្រុមហ៊ុនមេ Oppo កំពុងមានជម្លោះប៉ាតង់ជាមួយ Nokia នៅទីនោះ៕