(បរទេស)៖ លោកស្រី Jada Pinkett Smith ដែលគេស្គាល់ថា ជាភរិយារបស់តារាសម្តែងល្បី Will Smith នាពេលថ្មីៗនេះ ស្រាប់តែបានសារភាពថា លោកស្រីនិងស្វាមីបានចែកផ្លូវគ្នាខ្ទង់ ៧ឆ្នាំមកហើយ ពោលគឺមុនព្រឹត្តិការណ៍ដែល Will Smith ឡើងទះកំផ្លៀង Chris Rock នៅលើឆាកនៃព្រឹត្តិការណ៍អូស្ការទៅទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

តាមរយៈការផ្តល់សម្ភាសន៍ប្រាប់កាសែត People លោកស្រី Jada Pinkett Smith បានទទួលស្គាល់ថាលោកស្រី និងស្វាមី Will Smith បានបែកបាក់គ្នាអស់រយៈពេលជាង៦ឆ្នាំមកហើយ ពោលគឺមុនពេលដែល Will Smith ទះកំផ្លៀង Chris Rock ក្នុងកម្មវិធី Oscar ឆ្នាំ២០២២ទៅទៀត។ លោកស្រីបន្ថែមថា «យើងបានធ្វើការងារជាច្រើនជាមួយគ្នា។ យើងទើបតែទទួលបានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក ហើយយើងនឹងស្វែងយល់ថា តើវាមានលក្ខណៈបែបណាចំពោះយើង។ ខ្ញុំនឹងនៅក្បែរគាត់ ប៉ុន្តែក៏អនុញ្ញាតឱ្យគាត់ត្រូវដោះស្រាយបញ្ហានានាដោយខ្លួនគាត់ដែរ»

ទោះជាមានការបង្ហើបបែបនេះក្តី តែលោកស្រី Jada Pinkett Smith មិនបានប្រាប់ទៅកាន់ទស្សនិកជននោះទេថា តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យលោកស្រី និងតារាសម្តែង Will Smith ឈានដល់ការចែកផ្លូវគ្នា ត្បិតកន្លងទៅបញ្ហាមួយនេះ ហាក់គ្មាននរណាចាប់អារម្មណ៍ ព្រោះអ្នកទាំងពីរ នៅតែរាប់អានគ្នា ទៅចូលរួមកម្មវិធីនានាជាមួយគ្នាដដែល៕