(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមភ្ញៀវប៉ាគីស្ថាន នាម៉ោង ៧យប់ថ្ងៃទី១២ ខែតុលានេះ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះបឋមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ថ្លែងក្នុងសន្និសីទមុនការប្រកួត លោក Felix Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានបង្ហាញពីការត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះ ទោះបីកម្ពុជាមានកីឡាករថ្មី ដូចជា Yudai Ogawa និង Privat ដែលជាកម្លាំងថ្មីទើបចូលសញ្ជាតិក៏ដោយ។

លោកថា «យើងបានរៀបចំរួចជាស្រេចសម្រាប់ការប្រកួតនេះ ហើយកីឡាករបានយល់ដឹងនូវអ្វីដែលជាទំនួលខុសត្រូវសម្រាប់កីឡាករចំណូលថ្មី និងកីឡាកររបស់យើងដេលមានស្រាប់ គឺពួកគេមានចំណង់ដូចគ្នា ដើម្បីអ្នកគាំទ្រ និងប្រទេសជាតិ។ យើងនឹងធ្វើឲ្យល្អបំផុត ដើម្បីផ្ដល់នូវភាពរីករាយដល់អ្នកគាំទ្រទាំងអស់គ្នា»។

ដោយឡែកគ្រូបង្វឹកក្រុមជម្រើសជាតិប៉ាគីស្ថាន លោក Stephen Constantine បានទទួលស្គាល់កម្ពុជា គឺជាក្រុមខ្លាំងមួយ ដែលមានការរៀបចំបានល្អ តែលោកប្ដេជ្ញានឹងបង្ហាញមុខមាត់ថ្មីរបស់ក្រុម ក្នុងការប្រកួតនេះ។

លោកថា «សម្រាប់ខ្ញុំ ដែលជាគ្រូបង្វឹកប៉ាគីស្ថានបានមើលឃើញថា កម្ពុជា គឺជាក្រុមមួយដែលមានលក្ខណៈអាជីព (Professional) ទាំងកីឡាករ និងគ្រូបង្វឹក ហើយពួកយើងធ្លាប់ជួបកម្ពុជា ២ដងរួចមកហើយ ប៉ុន្ដែអ្នកនឹងឃើញមុខមាត់ថ្មីរបស់យើងនៅការប្រកួតខាងមុខនេះ»

សូមរំឮកថា មុនជួបគ្នាយប់នេះក្រុមទាំងពីរ ធ្លាប់ជួបគ្នាក្នុងវគ្គជម្រុះឋបមពានរង្វាន់ FIFA World Cup 2022 កាលពីឆ្នាំ២០១៩ ដោយកម្ពុជាបានយកឈ្នះទាំង ២ជើង ក្នុងលទ្ធផល ៤-១។ រីឯឆ្នាំនេះ ក្រោយជួបគ្នាជើងទី២ នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ កម្ពុជានឹងត្រូវធ្វើដំណើរទៅជួបប៉ាគីស្ថាន ក្រៅដីវិញម្ដង នៅជើងទី២ នាថ្ងៃទី១៧ ខែតុលា ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គបន្ដ នៃពានរង្វាន់ FIFA World Cup 2026៕