(ម៉ៃអាម៉ី)៖ ម៉ាស៊ីនរកគ្រាប់បាល់ Lionel Messi នឹងមិនចាកចេញពី Inter Miami FC ដើម្បីទៅលេងជាលក្ខណៈខ្ចីជើងក្នុងក្លិបណាមួយឡើយ នៅអំឡុងលីគកំពូលអាមេរិក Major League Soccer បិទរដូវកាលនោះ។ នេះបើយោងតាមការឲ្យដឹងពីលោក Gullem Balague។

គេហទំព័រកីឡា BBC បានចេញផ្សាយថា កន្លងមកប្រធានក្រុម Miami វ័យ ៣៦ឆ្នាំរូបនេះ ធ្លាប់ត្រូវបានទាក់ទងទៅលេងនៅ FC Barcelona វិញ និងក្លិបនៅ Saudi Pro League ផងដែរ ដ្បិតបច្ចុប្បន្ន Inter Miami បានជ្រុះចេញពីវគ្គជម្រុះដណ្តើមពាន MLS ទៅហើយ ក្រោយចាញ់ ១-០ ក្រោមថ្វីជើងរបស់ FC Cincinnati នៅមុនពេលលីគកំពូលអាមេរិកបិទរដូវកាលនេះនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

Messi ដែលទើបឈ្នះជើងឯកបាល់ទាត់ពិភពលោក World Cup ជាមួយអាហ្សង់ទីននាឆ្នាំ២០២២ នោះ ទើបតែចូលលេងបាន ៧២នាទីប៉ុណ្ណោះក្នុងលីគ គិតចាប់តាំងពីរងរបួសនាដើមខែកញ្ញា ឆ្នាំ២០២៣ មក។

អ្នកជំនាញបាល់ទាត់អេស្ប៉ាញ លោក Balague បានបញ្ជាក់ថា «Messi មានវិស្សមកាលប្រហែល ១ខែ ដូចកីឡាករដទៃទៀតដែរ»។

លោកថា Messi នឹងត្រឡប់ចូលក្រុមវិញ ដើម្បីលេង Pre-season ជាមួយ Inter Miami FC ទល់នឹងក្រុមដទៃនៅ MLS មុនពេលចាប់ផ្តើមរដូវកាលថ្មីនាខែកុម្ភៈ ឆ្នាំ២០២៤។

គិតមកទល់ពេលនេះ Lionel Messi ស៊ុតបាន ១១គ្រាប់ហើយឲ្យ Miami ពីការចូលលេងបាន ១៣ប្រកួត ក្រោយចាកចេញពីក្លិបបារាំង Paris Saint Germain នៅពេលចប់កិច្ចសន្យារយៈពេល ២រដូវកាលនៅ Parc des Princes៕