(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអបអរសាទរកីឡាករម៉ូតូទឹក សាលី ហ្វីលីន ក្រោយដណ្ដើមបានមេដាយ ២គ្រឿង (មាស ១ និងប្រាក់ ១) នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក (Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៣ កាលពីល្ងាចថ្ងៃទី០៣ ខែតុលា ត្រូវនឹងព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅកម្ពុជា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរ នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា «អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ដែលបានឈ្នះមេដាយមាស១ និងមេដាយប្រាក់១ ក្នុងព្រឹត្តិការណ៍ ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក ២០២៣ ជុំទី៣ (មេដាយមាស លើវិញ្ញាសា Amateur Runabout 1100 Limited និងមេដាយប្រាក់ លើវិញ្ញាសា Amateur Runabout Rec Lites)»

សូមបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលកីឡាករម៉ូតូទឹកវ័យក្មេងកម្ពុជា សាលី ហ្វីលីន ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ដ្បិតក្នុងការប្រកួត Water Jet Ski World Series ជុំទី២ នៅប្រទេសបារាំង កាលពីខែកក្កដាកន្លងទៅ ដែលកម្ពុជាដណ្ដើមបានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ក្នុងនោះប្អូនប្រុសបង្កើតរបស់លោក សាលី អ៊ូមើត គឺកីឡាករ សាលី ហ្វីលីន ក៏ដណ្ដើមបានមេដាយមាស ១គ្រឿងដែរ ។

ចំពោះបេសកកម្ម នៃការប្រកួតកម្រិតពិភពលោក ជុំទី៣ នៅអាមេរិកខាងលើ លោក សាលី អ៊ូមើត បានដឹកនាំកីឡាករវ័យក្មេងកម្ពុជា ៨រូបចូលរួមប្រកួត ក្នុងនោះមាន ៥នាក់ ត្រូវចូលរួមប្រកួតដោយផ្ទាល់ និងកីឡាករថ្នាល ៤រូប គឺចូលរួមរៀនសូត្រ និងដកស្រង់បទពិសោធន៍ ។ សម្រាប់កីឡាករត្រូវធ្វើការប្រកួតបន្ទាប់ពី សាលី ហ្វីលីន គឺមាន កៃ វ៉ាន់ស៊ីដែន, មីន មូស្ដាន់, មីន អូស្មាន់ និង សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមផ្ទាល់តែម្ដង ៕