(ភ្នំពេញ)៖ អ្នកចូលរួមកម្មវិធីពិព័រណ៍ជំនាញ និងការងារ ២០២៣ ដែលរៀបចំឡើងដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៩ និង ៣០ ខែកញ្ញា កន្លងទៅនេះ ទទួលបានអ្នកចូលរួមពីសំណាក់ សិស្សនិស្សិត អ្នកស្វែងរកការងារ ក្នុងវិស័យធនាគារ ជាង ៤០០០ នាក់។

កម្មវិធីនេះប្រព្រឹត្តិឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមកិច្ចសហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងមជ្ឈមណ្ឌលការងារ នៃការងារសាកលវិទ្យាល័យជាតិគ្រប់គ្រង។

លោក ស៊ូ វិសាល នាយកគ្រប់គ្រង វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) បានគូសបញ្ជាក់ថា៖ «នាឱកាសនេះ IBF ក៏បានសហការជាមួយមជ្ឈមណ្ឌលការងារ NUM Career Center និង អ្នកជំនាញក្នុងវិស័យ ក្នុងការរៀបចំជាពិសេស វគ្គបណ្តុះបណ្តាលខ្លីៗ ទាក់ទងទៅនឹងជំនាញទន់ និងជំនាញរឹង ក្នុងការត្រៀមចាប់យកឱកាសការងារ ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅពេលបច្ចុប្បន្ន និងពេលអនាគត»

ដើម្បីជាការលើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុ លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកទឹកចិត្ត និងផ្តល់នូវទស្សន:មួយចំនួន ដូចជា៖ ១) ការចូលរួមអភិវឌ្ឍធនធានមនុស្ស លើមុខជំនាញធនាគារ និងហិរញ្ញវត្ថុ តាមរយ:ការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យជ្រើសរើសមុខជំនាញនេះ ការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តយុទ្ធសាស្ត្រទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ២) ស្ថាប័នធនាគារ និងហិរញ្ញវត្ថុចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់លទ្ធភាពដល់និស្សិត ក្នុងការហ្វឹកហាត់ការងារកំឡុងពេលសិក្សា ហើយថែមទាំងបានផ្ដល់ប្រាក់ឧបត្ថមសមរម្យ ដែលជួយសម្រួលដល់ការសិក្សា។ ៣) សាកលវិទ្យាល័យជំរុញការលើកទឹកចិត្តឱ្យបង្កើន និងពង្រឹងកិច្ចសហការរវាងវិស័យសាធារណ: វិស័យឯកជន វិស័យអប់រំ និងដៃគូអភិវឌ្ឍក្នុងការលើកកម្ពស់កម្មវិធីសិក្សា។

ជាមួយគ្នានេះដែរ លោក ទូច វិសាលសុខ ក៏បានអំពាវនាវដល់គ្រឹះស្ថានឧត្តមសិក្សាក្នុងស្រុកនានា ចូលរួមសហការជាមួយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ដើម្បីពង្រឹងសមត្ថភាពនិស្សិតក្នុងវិស័យនេះឱ្យកាន់តែមានសក្ដានុពល ហើយពោរពេញទៅដោយវិជ្ជាជិវៈ ឲ្យមានការងារគ្រប់ៗ គ្នាបន្ទាប់ពីបានបញ្ចប់ការសិក្សា។ ជាពិសេស លោក ទូច វិសាលសុខ បានលើកទឹកចិត្តឱ្យវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ (IBF) បន្តចូលរួមផ្តល់គ្រាប់ពូជមូលធនដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈការដើរតួនាទីជាវិទ្យា ស្ថានអភិវឌ្ឍន៍ជំនាញបន្ទាប់ពីការសិក្សាក្នុងសាលា និងការប្រកួតប្រជែងផ្សេងៗលើវិស័យនេះ។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ជំនាញ និងការងារ មានគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុជិត ២០ ស្ថាប័ន និងបានផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ព្រមទាំងរួមគ្នា ដោះស្រាយបញ្ហាប្រឈម តួយ៉ាងពាក់ព័ន្ធទៅនឹងតម្រូវការធនធានក្នុងវិស័យធនាគារ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន និងសម្រាប់អនុវត្តនាពេលខាងមុខ៕