(កូរ៉េ)៖ មហោស្រពភាពយន្តអន្តរជាតិប៊ូសាន (BIFF) ត្រូវរាយការណ៍មកថា ចាប់ផ្តើមធ្វើជាលើកទី២៨ ថ្ងៃពុធសប្តាហ៍នេះ ដែលកម្មវិធីនេះត្រូវបានគេចាត់ទុកថា ជាព្រិត្តិការណ៍មហាស្រពភាពយន្ត ដ៏ធំបំផុតមួយប្រចាំនៅអាស៊ី ធ្វើឡើងក្នុងការផ្សព្វផ្សាយស្នាដៃសិល្បៈ និងភាពយន្តនៅអាស៊ីជាដើម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Korea Times នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

មហោស្រពភាពយន្ដដ៏ធំបំផុតរបស់អាស៊ីនេះ នឹងដំណើរការរយៈពេល១០ថ្ងៃ នៅទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍។ កម្មវិធីនឹងបង្ហាញខ្សែភាពយន្តចំនួន២០៩ ចំណងជើង មកពី៦៩ប្រទេស រួមទាំងការចាក់បញ្ចាំងលើកដំបូង លើពិភពលោកចំនួន៨០ និងភាពយន្តអន្តរជាតិចំនួន៧។ កម្មវិធីនេះ គឺបើកឆាកដោយការចាក់បញ្ចាំងរឿង «Because I Hate Korea» របស់អ្នកដឹកនាំរឿងកូរ៉េ Jang Kun-jae និងបិទទៅវិញដោយបញ្ចាំងរឿង «The Movie Emperor» របស់អ្នកដឹកនាំរឿងចិន Ning Hao ដែលសម្តែងដោយតារាហុងកុង Andy Lau។

តារាសម្តែងកូរ៉េដ៏ល្បីល្បាញ Song Kang-ho ដែលបានឈ្នះពានរង្វាន់តារាសម្តែងល្អបំផុតនៅ Cannes សម្រាប់តួនាទីរបស់លោកនៅក្នុងរឿង «Broker» ឆ្នាំ២០២២ នឹងតំណាងឲ្យមហោស្រពភាពយន្តទាំងមូល ក្នុងនាមជាអ្នកដឹកនាំកម្មវិធី។

គួរជម្រាបថា ពិធីសម្ពោធនឹងចាប់ផ្តើមនៅម៉ោង ៦ល្ងាច នៅរោងកុនខាងក្រៅនៃមជ្ឈមណ្ឌលភាពយន្ត Busan ដែលរៀបចំដោយ Park Eun-bin ដែលជាតារាមានកេរ្តិ៍ឈ្មោះល្បីម្នាក់៕