(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួបក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ានៃពានរង្វាន់ AFC Cup 2023/24 នាល្ងាចថ្ងៃទី០៥ ខែតុលាស្អែក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះគឺជាការប្រកួតទី២ ក្នុងពូល F បន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះ Cebu FC របស់ហ្វីលីពីន ៣-០ កាលពីថ្មីៗ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនៅព្រឹកថ្ងៃពុធនេះ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានទទួលស្គាល់ភាពខ្លាំងរបស់គូប្រជែង ពិសេសគឺការលេងជាក្រុមដ៏ល្អរបស់ពួកគេ ដែលក្ដីបារម្ភរបស់ខ្លួន។ យ៉ាងណាលោកមានការជឿជាក់លើកូនក្រុម ក៏ដូចជាការត្រៀមខ្លួនរួចរាល់ ដើម្បីស្វែងរកជ័យជម្នះក្នុងជំនួបដ៏សំខាន់នេះ។

លោកបន្ដថា «ជាការពិតណាស់ Shan United គឺជាក្រុមរៀបចំបានល្អ ហើយកីឡាករមួយចំនួន សុទ្ធសឹងជាកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា។ យើងដឹងគុណភាពរបស់កីឡាករមីយ៉ាន់ម៉ា គឺល្អ និងលេងខ្លាំង ជាមួយការប្រកួតលេងលឿន និងការគ្រប់គ្រងការប្រកួតទាំងមូល និងលីគផងដែរ។ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំអត់បារម្ភកីឡាករម្នាក់ៗទេ គឺខ្ញុំបារម្ភកីឡាករជាក្រុម មានន័យថា ការលេងជាក្រុមដ៏ល្អរបស់ពួកគេ»

«Shan United គឺជាក្រុមមួយ មានចរិតលក្ខណៈជាបេក្ខភាពប្រជែងជើងឯករៀងរាល់ឆ្នាំ។ ដូច្នេះវាមិនមែនជាភាពងាយស្រួលនោះទេ ជាក់ស្ដែងការលេងជាមួយ Macarthur FC របស់អូស្ដ្រាលី គឺដូចគ្នា ពួកគេធ្វើបានល្អមែនទែន នៅតង់ទី២ ពួកគេចាប់ផ្ដើមគ្រប់គ្រងការប្រកួតឡើងវិញ បន្ទាប់ពីរបូតគ្រាប់នៅចុងតង់ទី១ និងចុងតង់ទី២»។ លោក Oleg Starynskyi បន្ថែម។

ដោយឡែកលោក Han Win Aung គ្រូបង្វឹករបស់ក្រុម Shan United បានទទួលស្គាល់ភ្នំពេញក្រោន គឺជាក្រុមខ្លាំង ដែលមានការរៀបចំបានល្អដូចគ្នា នឹងធ្វើឲ្យការប្រកួតថ្ងៃស្អែក មានភាពជក់ចិត្តសម្រាប់ទស្សនិកជន។ លោកថា «ការប្រកួតនេះ គឺជាការប្រកួតលំបាកមួយ ព្រោះភ្នំពេញក្រោន មានកីឡាករបរទេសពេញ ហើយពួកគេតែងតែឈ្នះការប្រកួតក្រៅដីរបស់ខ្លួននាការប្រកួតកន្លងមក»។

គួរដឹងថា វគ្គចែកពូល នៃពានរង្វាន់ AFC Cup 2023/24 ភ្នំពេញក្រោន ស្ថិតក្នុងពូល F ជាមួយក្រុម Dyanamic Herb Cebu FC មកពីហ្វីលីពីន, ក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Macarthur FC មកពីអូស្ដ្រាលី។ ចំពោះរូបមន្ដការប្រកួត នឹងធ្វើការប្រកួតវិលជុំ ២ជើង ដើម្បីកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ដ៕