(ស៊ីដនី)៖ អតីតខ្សែបម្រើក្លិបស្កុតឡេន Celtic និងក្រុមជម្រើសជាតិអូស្ត្រាលី Tom Rogic បានសម្រេចចូលនិវត្តន៍ពីវិស័យបាល់ទាត់ក្នុងវ័យ ៣០ឆ្នាំ ដោយលោកបានបញ្ជាក់ថា «ដើម្បីយកចិត្តទុកដាក់លើការកសាងគ្រួសាររបស់លោក»។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

Tom Rogic និងភរិយា មានកូនស្រីដំបូងរបស់ពួកគេក្នុងឆ្នាំ២០២១ បន្ទាប់ពីបរាជ័យជាច្រើនដង ក្នុងការមានកូនតាមការប្រើបច្ចេកទេស (In vitro fertilization) ហើយត្រូវបានគេរំពឹងថា នឹងធ្វើម្តងទៀត នៅឆ្នាំក្រោយ ខណៈ Rogic ក៏ទទួលបានការគាំទ្រ ពីសំណាក់ម្ចាស់ក្លិប Celtic លោក Dermot Desmond និងអតីតនាយកប្រតិបត្តិ លោក Peter Lawwell ផងដែរ។

សូមជម្រាបថា Tom Rogic បានចូលរួមជាមួយក្លិប Celtic ដោយផ្ទេរមកពីក្លិបអូស្ត្រាលី Central Coast Mariners ក្នុងឆ្នាំ២០១៣ និងបានលេង ២៧៣ប្រកួតសម្រាប់ក្លិប ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្លិបក្នុងឆ្នាំ២០២២ ដោយអ្នកចាត់ការក្លិបពេលនោះ លោក Ange Postecoglou។

រំលឹកផងថា Tom Rogic ធ្លាប់ទទួលបានការកោះហៅលេងឲ្យក្រុមជម្រើសជាតិអូស្រ្តាលី ៥៣ប្រកួត រកបាន ១០គ្រាប់ និងលេងជាមួយក្លិបអាជីពបានចំនួយសរុប ៣២៨ប្រកួតរកបាន ៥២គ្រាប់ក្នុងពេលប្រកបអាជីពបាល់ទាត់ និងឈ្នះពានលីគ Scottish Permiership ចំនួន ៦លើក៕