(មេនឆេស្ទឺ)៖ ក្លិប Manchester City បានបង្ហាញការស្វាគមន៍ចំពោះការវិលត្រឡប់មកវិញ នូវកីឡាករខ្សែការពារ John Stones និងខ្សែបម្រើ Bernardo Silva ក្រោយពីបានជាសះស្បើយពីរបួស ខណៈពួកគេបានចូលហ្វឹកហាត់រួមក្រុមក្នុងការត្រៀមធ្វើដំណើរទៅតទល់នឹងក្លិបអាល្លឺម៉ង់ RB Leipzig ក្នុងក្របខណ្ឌ UEFA Champions League, នេះបើតាមប្រភពពី CNA នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

បើតាមការឲ្យដឹងពីអ្នកចាត់ការក្លិប Man City លោក Pep Guardiola បានបង្ហាញថាខ្សែការពារបម្រើកណ្តាល John Stones មិនទាន់បានលេងនៅឡើយនោះទេ សម្រាប់ក្លិប City ក្នុងរដូវកាលនេះ ដោយសាររបួសត្រគាក និងខ្សែបម្រើប្រយុទ្ធ Bernardo Silva បានខកខានការប្រកួតក្នុងលីគចំនួន ២លើកចុងក្រោយ «ពួកគេមានស្ថានភាពសុខភាពល្អ Bernardo ល្អប្រសើរជាង John Stones ហើយពួកគេទាំងពីរ នឹងធ្វើដំណើរជាមួយពួកយើង»

សូមជម្រាបថា Man City ជាក្រុមការពារតំណែងជើងឯករដូវកាលមុន ហើយជាបណ្តោះអាសន្នកំពុងមាន ៣ពិន្ទុស្មើក្រុម RB Leipzig ក្នុងពូល G ដែលពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីឱកាសឈរកំពូលតារាង៕