(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន នៅព្រឹកថ្ងៃទី០៤ ខែតុលានេះ បានដណ្ដើមមេដាយ ២គ្រឿង រួមមានមេដាយមាស ១ និងប្រាក់ ១ ពីព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតភពលោក(Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក ។

យោងតាមកីឡាករ សាលី អ៊ូមើល ដែលជាប្រធានក្រុមដឹកនាំក្រុមកីឡាម៉ូតូទឹកកម្ពុជា ចូលរួមព្រឹត្តិការណ៍ខាងលើ បានបញ្ជាក់ថា សាលី ហ្វីលីន បានធ្វើការប្រកួតមុនគេលើ ២វិញ្ញាសា ហើយធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Amateur Runabout 1100 Limited និងមេដាយប្រាក់ ១ លើវិញ្ញាសា Amateur Runabout Rec Lites ។

នេះគឺជាលើកទី២ ហើយ ដែលកីឡាករម៉ូតូទឹកវ័យក្មេងកម្ពុជា សាលី ហ្វីលីន ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ដ្បិតក្នុងការប្រកួត Water Jet Ski World Series ជុំទី២ នៅប្រទេសបារាំង កាលពីខែកក្កដាកន្លងទៅ ដែលកម្ពុជាដណ្ដើមបានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ក្នុងនោះប្អូនប្រុសបង្កើតរបស់លោក សាលី អ៊ូមើត គឺកីឡាករ សាលី ហ្វីលីន ក៏ដណ្ដើមបានមេដាយមាស ១គ្រឿងដែរ ។

គួរដឹងថា បេសកកម្មលើទឹកដីអាមេរិកលើកនេះ លោក សាលី អ៊ូមើត បានដឹកនាំកីឡាករវ័យក្មេងកម្ពុជា ៨រូបចូលរួមប្រកួត ក្នុងនោះមាន ៥នាក់ ត្រូវចូលរួមប្រកួតដោយផ្ទាល់ និងកីឡាករថ្នាល ៤រូប គឺចូលរួមរៀនសូត្រ និងដកស្រង់បទពិសោធន៍ ។ សម្រាប់កីឡាករត្រូវធ្វើការប្រកួតបន្ទាប់ពី សាលី ហ្វីលីន គឺមាន កៃ វ៉ាន់ស៊ីដែន, មីន មូស្ដាន់, មីន អូស្មាន់ និងសិស្សច្បង សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមផ្ទាល់តែម្ដង ៕