(បរទេស)៖ ដើមសប្តាហ៍នេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានបង្ហាញពីរបាយការណ៍ដាក់លក់រថយន្តរបស់ខ្លួន ដែលជាលទ្ធផលកើនឡើងខ្ពស់ជាងការរំពឹងទុករហូតដល់ទៅជាង ៥ពាន់គ្រឿងឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានបង្ហាញ ការផលិតរបស់ Tesla ក្នុងត្រីមាសទី៣ កន្លងទៅថ្មីៗនេះមានចំនួនសរុប ៤៣០,៤៨៨គ្រឿង ខណៈការនាំចេញបានកើនឡើងខ្ពស់ជាង ៥ពាន់គ្រឿង ដែលមានចំនួននាំចេញសរុបរហូតដល់ទៅ ៤៣៥,០៥៩ គ្រឿងឯណោះ។ Tesla បានអះអាងថា ចំនួននេះ គឺកើនឡើងប្រហែល ២៦.៥ភាគរយ និងកើន២៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែកចំពោះមូលហេតុដែល Tesla កាត់បន្ថយចំនួនផលិតកម្មនេះ គឺដោយសារតែខកចិត្តទៅនឹងការរំពឹងទុកក្នុងត្រីមាសទី២ កន្លងទៅដែលបានដាក់លក់ក្នុងចំនួនទាបប្រហែល ៤៦៦,១៤០គ្រឿង ខណៈការផលិតមានចំនួនច្រើនដល់ទៅ ៥៧៩,៧០០គ្រឿងឯណោះ។ ដូច្នេះហើយទើបបាន Tesla សម្រេចបង្ខំចិត្តក្នុងការផលិតរបស់ខ្លួន។

គួរជម្រាបដែរថា ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣នេះ ក្រុមអ្នកវិភាគបានរំពឹងថា Tesla នឹងបន្តកើនឡើងការលក់ដោយក្នុងចំនួនសរុបដែលទទួលបានពីការបញ្ជាទិញនឹងមាន ៤៦១,៦៤០គ្រឿង ចំណែកចំនួនផលិតកម្មនឹងមានប្រហែល ៤៦០,០០០គ្រឿងសម្រាប់ត្រីមាសក្រោយនេះ៕