(ហាន់ចូវ)៖ កីឡាករវាយសីជម្រើសជាតិកម្ពុជា សុខ រីករាយ បានឈានដល់វគ្គ ១៦នាក់ចុងក្រោយ(១/៨) នៃព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ក្រោយទទួលបានជ័យជម្នះ ២ប្រកួតជាប់គ្នា លើវិញ្ញាសាឯកត្ដជនបុរស ។

សម្រាប់ជ័យជម្នះ ២ប្រកួតខាងលើ ទី១-កីឡាករ សុខ រីករាយ បានយកឈ្នះកីឡាករ Raymond Sing របស់ទីម័រខាងកើត ២-០ ក្នុងពិន្ទុ ២១-៩ និង ២១-១៤ ក្នុងវគ្គ ៦៤នាក់ មុនបន្ដទម្លាក់កីឡាករអ៊ីរ៉ង់ Ali hayati នៅវគ្គ ៣២នាក់ចុងក្រោយ ដោយលទ្ធផល ២-០ ដូចគ្នា ជាមួយពិន្ទុ ២១-១៨ និង ២១-១៣ ។

សម្រាប់ការប្រកួតវគ្គ ១/៨ ផ្ដាច់ព្រ័ត្រ សុខ រីករា នឹងត្រូវធ្វើការងារធ្ងន់ ដ្បិតត្រូវជួបកីឡាករជើងខ្លាំងរបស់ម្ចាស់ផ្ទះចិន Shi Yuqi នាព្រឹកថ្ងៃទី០៤ ខែតុលាស្អែក ។ Shi yuqi គឺជាម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៩ ហើយបច្ចុប្បន្ន ក៏កំពុងឈរចំណាត់ថ្នាក់លេខ៦ លើពិភពលោកផងដែរ ៕