(បរទេស)៖ កន្លងទៅក្រុមចម្រៀងល្បីរបស់អង់គ្លេស Coldplay បានប្រកាសថា នឹងសម្តែងនៅពហុកីឡដ្ឋានជាតិ នៃប្រទេសសិង្ហបុរីរយៈពេល៤យប់ ក្នុងខែមករា ឆ្នាំ២០២៤ ពោលគឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែមករា។ មិនបង្អង់យូរឡើយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ អ្នកផ្សព្វផ្សាយការប្រគំតន្ត្រី Live Nation បានប្រកាសថា ចំនួនពិតជាមានកំណត់សម្រាប់សំបុត្រ ចូលទស្សនាការប្រគំតន្ត្រីនេះ ដែលចាប់ផ្តើមដាក់លក់នៅថ្ងៃទី០៣ ខែតុលា វេលាម៉ោង១០ព្រឹក ដោយសង្កត់ធ្ងន់ថា «អ្នកមកមុនបានមុន»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

សំបុត្រនឹងមានលក់លើអនឡាញ តាមរយៈគេហទំព័រ Ticketmaster។ Coldplay នឹងប្រគំតន្ត្រីចំនួន៦ Show នៅពហុកីឡដ្ឋានជាតិសិង្ហបុរីនៅឆ្នាំក្រោយ ដោយប្រព្រឹត្តទៅនៅថ្ងៃទី២៣, ២៤, ២៦, ២៧, ៣០ និង៣១ ខែមករា។ តាមប្រភពបានឲ្យដឹងថា តម្រូវការសំបុត្រមានលើសពីការផ្គត់ផ្គង់ នៅពេលដែលដាក់លក់ដំបូង ដូច្នេះទើបសម្រេចដាក់លក់បន្ថែមទៀត នៅថ្ងៃទី០៣នេះ។

គួរជម្រាបថា ក្រៅពីប្រទេសសិង្ហបុរី Coldplay ក៏នឹងបន្ថែមដំណើរប្រគំតន្រ្តីទេសចរណ៍របស់ខ្លួន ទៅកាន់ទីក្រុងម៉ានីល និងទីក្រុងបាងកក គ្រោងនឹងទៅនៅថ្ងៃទី១៩ ខែមករា និងថ្ងៃទី៣ ខែកុម្ភៈផងដែរ៕