(បរទេស)៖ ថ្មីៗនេះទទួលបានពាក្យចចាមអារ៉ាមមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google គ្រោងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំមួយរបស់ខ្លួនដែលមានឈ្មោះថា «Made By Google» នៅថ្ងៃទី០៤ ខែតុលានេះ។ ខណៈព្រឹត្តិការណ៍នេះត្រូវបានគេរំពឹង ជាពេលវេលាប្រកាសចេញប្រព័ន្ធប្រតិបត្តិការ Android 14 ដែលជាកំណែចុងរបស់ Google។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

យោងតាមពាក្យចចាមអារ៉ាមខាងលើនេះ ត្រូវបានចេញផ្សាយដោយក្រុមហ៊ុនសាជីវកម្ម Telus ដែលជាក្រុមហ៊ុនគ្រប់គ្រងពាណិជ្ជកម្មដ៏ធំរបស់កាណាដា និងមានទីស្នាក់ការកណ្តាលនៅទីក្រុង Vancouver រដ្ឋ British Columbia។ តាមការបង្ហោះពី Telus បានគូសបញ្ជាក់ថា ការចេញផ្សាយ Android 14 នៅថ្ងៃទី០៤ ខែតុលា នេះនឹងត្រូវបានដាក់ឱ្យដំណើរការដំបូងគេនៅលើកំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Pixel រួមមាន Pixel 8 និង Pixel 8 Pro ដែលជាស្មាតហ្វូនដំបូងគេទទួលបានការគាំទ្រកំណែចុងក្រោយនេះ។

តែយ៉ាងណាជុំវិញព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍នេះមិនត្រូវបានបញ្ជាក់ពី Google នោះទេ ដូច្នេះនៅមិនទាន់អាចសន្និដា្ឋនបានថា វាត្រូវបានធ្វើឡើងជាផ្លូវការ ឬដាក់បង្ហាញតែលើម៉ូដែលមួយចំនួនបែបលក្ខណៈក្រុមហ៊ុននោះទេ៕