(បរទេស)៖ ភាពយន្តដែលនិយាយពីការប្រគំតន្ត្រី «Renaissance World Tour» របស់តារាប៉ុប Beyoncé ត្រូវបានកំណត់ឲ្យចែកចាយចាក់បញ្ចាំង នៅទូទាំងពិភពលោក ដោយភាពយន្តយក្សរបស់អាមេរិក AMC ខណៈដែលខ្សែសង្វាក់ភាពយន្តក្នុងវិស័យហូលីវូដ ត្រូវបានគេដឹងថា កំពុងតែខ្វះខាតមាតិកា ដែលកើតចេញពីកូដកម្មហូលីវូដ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

ខ្សែភាពយន្តរបស់តារាចម្រៀង-អ្នកនិពន្ធចម្រៀង ជនជាតិអាមេរិករូបនេះ គឺជាសមិទ្ធផលកើតចេញពី ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក របស់នាងនៅរដូវក្តៅនេះ ដោយមានការប្រគំតន្ត្រីចំនួន៥៧ នៅទូទាំងទីក្រុងចំនួន ៤០នៅអាមេរិកខាងជើង និង១៤ នៅទូទាំងទ្វីបអឺរ៉ុប។ គម្រោងនេះក៏ត្រូវបានគេដឹងថា ស្រដៀងគ្នានឹងតារាប៉ុបអាមេរិក Taylor Swift ដែរ ដែលភាពយន្តប្រគំតន្ត្រី Eras Tour នឹងត្រូវចែកចាយនៅតាមរោងកុន នៅអាមេរិកខាងជើងចាប់ពីថ្ងៃទី១៣ ខែតុលា។

ភាពយន្តប្រគំតន្ត្រី បានផ្តល់ឲ្យខ្សែសង្វាក់ភាពយន្តអាមេរិកដូចជា AMC, Cinemark និង Cineplex នូវចំណងជើងដែលមានកេរ្តិ៍ឈ្មោះ ដើម្បីជួយបំពេញចន្លោះដែលបណ្តាលមកពី ការធ្វើកូដកម្មអូសបន្លាយជាយូរខែ ដោយតារាសម្តែង និងអ្នកនិពន្ធនៅហូលីវូដ។

ក្រុមហ៊ុន Renaissance: A Film By Beyoncé គ្រោងនឹងចាក់បញ្ចាំងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី១ ខែធ្នូ ខាងមុខនេះ។ Cinemark ដែលជាគូប្រជែងរបស់ AMC ក៏បានប្រកាសថា ខ្លួននឹងចាក់ខ្សែភាពយន្តប្រគំតន្ត្រី នៅក្នុងរោងកុនអាមេរិករបស់ខ្លួនផងដែរ។ រោងកុនទាំងពីរបាននិយាយថា តម្លៃសំបុត្រម៉ោងបញ្ចាំងស្តង់ដាររបស់ពួកគេ នឹងចាប់ផ្តើមពី២២ដុល្លារអាមេរិក៕