(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Samsung បានប្រកាសថា ខ្លួននឹងកាត់បន្ថយការផលិតបន្ទះឈីបបន្ថែមទៀតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣នេះ ដែលកើនឡើងដល់ចន្លោះពី ៣០ ទៅ ៤០ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

Samsung Electronics កំពុងស្ថិតនៅក្នុងដំណាក់កាលកាត់បន្ថយផលិតកម្មបន្ទះឈីបជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៩ មក។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ នេះ Samsung Electronics បានកាត់បន្ថយការផលិតរបស់ខ្លួនចំនួន ២ដងហើយ គិតទាំងការប្រកាសលើកនេះ ខណៈត្រីមាសទី១ ឆ្នាំ២០២៣ នេះបានកាត់បន្ថយការផលិតក្នុងចំនួនខ្ពស់ដោយក្នុងនោះប្រភេទបន្ទះឈីប DRAM chip មានប្រហែល ២០ភាគរយ និងប្រភេទ NAND flash chip មានប្រហែល ៣០ភាគរយ។

តែយ៉ាងទាក់ទងទៅនឹងគម្រោងកាត់បន្ថយការផលិតបន្ទះឈីបចុងក្រោយនេះមិនត្រូវបានគូសបញ្ជាក់ថា នឹងប៉ះពាល់ដល់បន្ទះឈីបប្រភេទណាខ្លះនោះទេ។ ប៉ុន្តែចំពោះមូលហេតុនេះវិញក្រុមហ៊ុនបានលើកឡើងថា គឺដោយសារតែបញ្ហាសេដ្ឋកិច្ចពិភពលោក និងការបញ្ជាទិញមានតម្រូវការទាប។

គួរបញ្ជាក់ដែរថា កាលពីត្រីមាសទី២ ឆ្នាំ២០២៣ កន្លងទៅក្រុមហ៊ុន Samsung បានធ្លាក់ចុះទំហំទឹកប្រាក់សម្រាប់ធ្វើប្រតិបត្តិការពីត្រីមាសទី១ ចំនួន ៣.៤ពាន់លានដុល្លារ មកនៅសល់ត្រឹមតែ ៣.២ពាន់លានប៉ុណ្ណោះ។ ខណៈដែលឆ្នាំត្រីមាសទី៣ ដែលទើបបញ្ចប់ថ្មីៗនេះត្រូវបានគេរំពឹងថា នឹងនៅសល់ត្រឹមតែ ២.៩៥ពាន់លានដុល្លារប៉ុណ្ណោះ៕