(ភ្នំពេញ)៖ បន្ទាប់ពីបង្ហាញបញ្ជីឈ្មោះបឋមកីឡាករ ២៧នាក់នៃក្រុមជម្រើសជាតិកម្ពុជា ក៏បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ភ្លាមនាល្ងាចថ្ងៃចន្ទ ទី០២ ខែតុលា ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ ទល់នឹងជម្រើសជាតិប៉ាគីស្ថាននាថ្ងៃទី១២ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

ជាមួយការកោះហៅកីឡាករ ២៧នាក់ ដែលមានសមាជិកក្រុមវិសាខា ៩នាក់, បឹងកេត ៦នាក់, ភ្នំពេញក្រោន ៤នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, ណាហ្គាវើលដ៏ ៣នាក់, ព្រៃវែងម្នាក់ និង សៀង ចន្ធា មកពីលីកទី២ កាតា បានធ្វើឲ្យមានការជជែកវែកញែកមួយចំនួន ពីសំណាក់តាមដានបាល់ទាត់ជាតិ ដ្បិតអ្នកខ្លះយល់ថា កីឡាករមួយចំនួនគួរជាប់បែរមិនមានឈ្មោះ ហើយអ្នកមិនសូវបានលេងលីគ បែរជាប់ជម្រើសជាតិទៅវិញ។

ពាក់ព័ន្ធនឹងការកោះហៅខាងលើ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងនូវហេតុផលមួយចំនួន ដោយផ្អែកលើការប្រកួតជាក់ស្ដែង ដែលតម្រូវឲ្យប្រើប្រាស់កីឡាករផ្សេងគ្នា។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើបន្ដថា «ទាក់ទងនឹងការកោះហៅនេះ ប្រាកដណាស់ យើងត្រៀមសម្រាប់ការប្រកួតទី១ ជាមួយប៉ាគីស្ថាននាថ្ងៃទី១២ ខែតុលា។ យើងមានកីឡាករផ្សេងគ្នា ដើម្បីយើងត្រៀមលើជម្រើសផ្សេងគ្នា ឬក៏សេនារីយ៉ូដែលអាចកើតឡើងក្នុងការប្រកួត ដើម្បីយើងអាចប្រើប្រាស់គាត់ក្នុងសេនារីយ៉ូមួយៗ ទៅតាមលក្ខណៈការប្រកួត។ អ៊ីចឹងអ្វីដែលយើងសង្ឃឹម គឺយើងរៀបចំឲ្យបានល្អ ដើម្បីគាត់ត្រៀមខ្លួនក្នុងស្ថានភាពនីមួយៗនៃការប្រកួត»

ចំណែកកីឡាករល្អៗដែលធ្លាប់ជាប់ជម្រើសជាតិ តែមិនត្រូវបានកោះហៅលើកនេះ ពួកគេនៅតែមានឱកាសត្រូវបានកោះហៅនាថ្ងៃអនាគត ប្រសិនបើពួកគេធ្វើបានល្អដូចជា សឿត បារាំង, ផាច សុជាវីឡា, ឆេង ម៉េង, ស៊ិន កក្កដា, ប្រាក់ មុន្នីឧត្តម, សារ៉េត គ្រីយ៉ា និង គឹម សុខយុទ្ធ ជាដើម ដែលស្ថិតក្នុងការតាមដានជាប្រចាំពីសំណាក់ក្រុមការងារគ្រូបង្វឹក។ រីឯអ្នកចាំទី អ៊ុំ វិចិត្រ ក៏មានការកោះហៅលើកមុនដែរ តែដោយសារគេបង្ហាញពីបញ្ហារបួស ទើបលោកមានការសម្រេចចិត្ដនឹងអ្នកចាំទី ៣នាក់ផ្សេង។ លោក Felix បន្ថែម។

គួរដឹងថា សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់លើកនេះ ក្រុមជម្រើសជាតិកម្ពុជាមានភារកិច្ចដ៏សំខាន់ ២ប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី១ ដោយក្រុមគោព្រៃកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងជើងទី១ នាថ្ងៃទី១២ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក មុនធ្វើដំណើរទៅប្រកួតជើងទី២ នៅទឹកដីប៉ាគីស្ថានវិញនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕