(បរទេស)៖ Al-Ittihad ក្រុមមកពីលីគកំពូល Saudi Professional League របស់អារ៉ាប៊ីសាអូឌីត បានបដិសេធមិនចេញពីបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ ដើម្បីប្រកួតទល់នឹងម្ចាស់ផ្ទះ Sepahan របស់អ៉ីរ៉ង់ឡើយនៅថ្ងៃចន្្ទម្សិលមិញនេះ ក៏ព្រោះតែរូបសំណាកដាក់តាំងនៅច្រកចូលទីលាន Naghsh-e Jahn។

ក្រុមដែលមានកីឡាករល្បីៗចេញពីអឺរ៉ុបដូចជា N’Golo Kante និង Fabinho រួមទាំងអ្នកចាត់ការទូទៅ លោក Nuno Espirito Santo អតីតគ្រូបង្វឹកក្លិប Tottenham Hotspur ផងនោះ បានធ្វើឲ្យអ្នកគាំទ្រប្រមាណ ៦ម៉ឺននាក់ក្នុងកីឡដ្ឋានខាងលើមានការខកចិត្តជាខ្លាំង ក៏ព្រោះតែការប្រកួតនៅពានកម្រិតទី១ ប្រចាំទ្វីបអាស៊ី AFC Champions League ត្រូវបានលើកពេលទៅវិញ ដោយសារតែរូបសំណាកដាក់តាំងផ្លូវចូលទីលាន។

រូបសំណាកនោះដែរ គឺជាមេបញ្ជាការយោធាអ៉ីរ៉ង់ មានឈ្មោះថា Qasem Soleimani ដែលត្រូវបានសម្លាប់នៅក្បែរអាកាសយានដ្ឋានទីក្រុង Baghdad ប្រទេសអ៉ីរ៉ាក់តាមរយៈការវាយប្រហារដោយដ្រូនរបស់សហរដ្ឋអាមេរិកនាអំឡុងខែមករា ឆ្នាំ២០២០ កន្លងទៅ។

ការប្រកួតរវាងក្រុមទាំងពីរ ត្រូវបានសម្រេចលើកពេល ក៏អាចមកពីភាពតានតឹងផ្នែកនយោបាយរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដ្បិតកន្លងមកការប្រកួតរវាងប្រទេសទាំងពីរតែងតែត្រូវបានធ្វើឡើងនៅទឹកដីកណ្តាលជានិច្ច គិតចាប់តាំងពីឆ្នាំ២០១៦ មក ក៏ព្រោះតែភ័យខ្លាចបញ្ហាសន្តិសុខ។

យ៉ាងណាក៏ដោយ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC ក៏បានឲ្យដឹងដែរថា ការប្រកួតនេះត្រូវបានពន្យារពេល ដោយសារតែខ្វះភាគីចូលរួម ដោយពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ តែបានសង្កត់ធ្ងន់ថា AFC ប្តេជ្ញាថែរក្សាសុខសុវត្ថិភាពជូនកីឡាករ មន្រ្តីការប្រកួត អ្នកទស្សនា និងអ្នកពាក់ព័ន្ធឯទៀត៕