(ឡុងដ៏)៖ ខ្សែប្រយុទ្ធតម្លៃ ៨៩លានផោន Mykhailo Mudryk បានរួមចំណែកជួយក្រុម Chelsea វិលមករកការឈ្នះវិញនៅលីគអង់គ្លេស Premier League នៃសប្តាហ៍ទី៧ របស់ពួកគេ ដោយបានយកឈ្នះក្រុម Fulham ២-០ នាកីឡដ្ឋាន Craven Cottage។

២គ្រាប់របស់ក្លិប Chelsea ដឹកនាំដោយលោក Mauricio Pochettino រកបាននៅត្រឹមវគ្គទី១ យ៉ាងអស្ចារ្យដោយនៅត្រឹមនាទី១៨ ធ្វើបានដោយកីឡាករ Mykhailo Mudryk នឹងនៅនាទី១៩ រកបានដោយកីឡាករ Armando Broja ដែលក្នុងការប្រកួតអជ្ញាកណ្តាលបានចាយកាត់លឿងអស់ ៥សន្លឹក ខណៈក្រុមម្ចាស់ផ្ទះ Fulham មានស្ថិតិគ្រប់គ្រងការប្រកួតតែ ៤៤ភាគរយប៉ុណ្ណោះ។

តាមរយៈលទ្ធផលជ័យជម្នះនេះ បានធ្វើឲ្យក្រុមតោខៀវ Chelsea វិលមករកការឈ្នះនៅលីគកំពូលវិញ បន្ទាប់ពីរកមិនបានការឈ្នះនៅ ៣ប្រកួតជាប់ៗគ្នាកន្លងមកនេះ ហើយជាបណ្តោះអាសន្នពួកគេបានឈរលេខរៀងទី១១ ទើបរកបាន ៨ពិន្ទុប៉ុណ្ណោះ។

បញ្ជាក់ផងថា នេះជាគ្រាប់ទី១ របស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែន Mykhailo Mudryk គិតចាប់តាំងពីបានផ្ទេរមកកាន់ Chelsea នារដូវកាលមុន មកពីក្លិប Shakhtar Donetsk តម្លៃ ៨៩លានផោន ខណៈនេះជាគ្រាប់បាល់ទី២ របស់ Broja ជាមួយក្លិបបាល់ទាត់អាជីព Chelsea ក្រោយពេលសម្រាកព្យាបាលរបួសជង្គង់ធ្ងន់ធ្ងរ៕