(មេនឆេស្ទើ)៖ ខ្សែបម្រើស្លាប Antony អាចវិលជួយក្រុមបិសាចក្រហម Manchester United វិញក្នុងប្រកួតទល់នឹង Galatasaray មកពីតួកគីរាត្រីនេះនៅកីឡដ្ឋាន Old Trafford នៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League។

កីឡាករអន្តរជាតិប្រេស៊ីលខាងលើនេះ ពុំបានចូលលេងក្នុងប្រកួតណាមួយឡើយទាំងក្នុងក្លិបអាជីព និងក្រុមជម្រើសជាតិ ក្រោយរងបទចោទប្រកាន់ករណីបំពានបំពានផ្លូវភេទតាំងពីដើមខែកញ្ញា ឆ្នាំ២០២៣ មក បើទោះបីជារូបលោកបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នោះក៏ដោយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតសន្សំពិន្ទុប្រចាំពូល A មកដល់ លោក Erik ten Hag អ្នកចាត់ការទូទៅ Man Utd បានឲ្យដឹងថា «ខ្ញុំបានកំពុងពិចារណាក្នុងការដាក់ Antony ចូលលេងទល់នឹង Galatasaray ក្រោយពេលចូលហ្វឹកហាត់ជាមួយក្រុមវិញតាំងពីថ្ងៃអាទិត្យមក គ្រាដែលមិត្តរួមក្រុម ខ្សែការពារ Lisandro Martinez ទាមទារនូវការវះកាត់ជើង»។

លោកថា ការវិលត្រឡប់របស់ Antony ចំពេលបិសាចក្រហមជួបបញ្ហាកីឡាកររបួសជាច្រើនផងដែរ ដ្បិតពួកគេត្រូវការពិន្ទុ លើកដំបូង ក្រោយរងការបរាជ័យ ៤-៣ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Bayern Munich កាលពីថ្ងៃបើកឆាក UEFA Champions League រដូវកាលថ្មីឆ្នាំ២០២៣-២០២៤៕