(សៀមរាប)៖ តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយ ស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន ៤ផ្សេងទៀត ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរ តែជារៀងរាល់ថ្ងៃ។

ខ្លោងទ្វារតាកាវបានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក។

អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ លោក លៀស គឹមលេខ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយនិងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវមានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក។

លោក គឹមលេខ បានបន្តថា នៅខ្លោងទ្វារតាកាវមានលក្ខណៈពិសេសម្យ៉ាងទៀត គឺនៅពេលព្រះអាទិត្យរៀបលិច មានពន្លឺចាំងពីលិច រំលេចចេញទៅជាពណ៌មាសក្រាលគ្របលើកំពូលសំណង់បុរាណមួយនេះ ដែលបង្កើតទៅជាសម្រស់ដ៏ស្រស់ស្អាតសម្រាប់ទេសចរឱ្យមកទស្សនា ព្រមទាំងថតរូបភាពមិនសូវអាក់ខាន។

ដោយសារតែខ្លោងទ្វារតាកាវកំពុងទាក់ទាញភ្ញៀវទេសចរដូចនេះ ភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅទីនេះតែងតែជួយសម្របសម្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយរៀបចំដាក់ស្លាកសញ្ញាឱ្យដឹងពីកន្លែងទស្សនា និងកន្លែងគ្រោះថ្នាក់ជាដើម។

អាជ្ញាធរជាតិអប្សរាក៏បានសំណូមពរដល់ភ្ញៀវទេសចរកុំឡើងជាន់លើដំបូលនៃស្លាបរបស់តួខ្លោងទ្វារ គោរពតាមស្លាកសញ្ញា និងក្រមប្រតិបត្តិអង្គរ ចៀសវាងមានបញ្ហាប៉ះពាល់ដល់ប្រាសាទ និងគ្រោះថ្នាក់ដោយយថាហេតុផ្សេង៕