(ភ្នំពេញ)៖ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិកម្ពុជា បានថ្លែងថា នវានុវត្តន៍នៃប្រព័ន្ធទូទាត់សងប្រាក់បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ជាក់ស្តែង ធនាគារជាតិនៃកម្ពុជាបាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់ជាបន្តបន្ទាប់ ដូចជា ប្រព័ន្ធផាត់ទាត់ជាតិ ប្រព័ន្ធសេវាទូទាត់រហ័ស និងប្រព័ន្ធខេមបូឌានស៊ែស្វីច ដោយបានធ្វើបច្ចុប្បន្នកម្ម និងបន្ថែមមុខងារចាំបាច់មួយចំនួន ក្នុងគោលដៅសម្រួលដល់គ្រឹះស្ថានជាសមាជិក និងអ្នកប្រើប្រាស់ ក៏ដូចជាឆ្លើយតបទៅនឹងការវិវត្តនៃ បច្ចេកវិទ្យាហិរញ្ញវត្ថុ។ ជាមួយគ្នានេះ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបានបោះជំហានទៅមុខមួយកម្រិតទៀតនៅពេលដែល ធនាគារជាតិនៃកម្ពុជា សម្រេចបាននូវការកសាងហេដ្ឋារចនាសម្ព័ន្ធទូទាត់ប្រាក់មួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើប្រតិបត្ដិការផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានធនាគារ ដោយមិនអស់កម្រៃ ឆាប់រហ័ស និងសុវត្ថិភាព តាមរយៈប្រព័ន្ធទូទាត់បាគង និង KHQR Code។

លោកថ្លែងបែបនេះ ក្នុងកម្មវិធី វេទិកាស្ដីពីវិស័យធនាគារឆ្នាំ២០២៣ (CamEd Banking Forum 2023) នាសប្តាហ៍មុន នៅសណ្ឋាគារ Oakwood Premir Phnom Penh ដែលត្រូវបានរៀបចំដោយវិទ្យាស្ថានខេមអេដ ដើម្បីផ្សព្វផ្សាយអំពីចក្ខុវិស័យ ចំណេះដឹង និងជំនាញការងារ ក្នុងវិស័យធនាគារដល់និស្សិត។

លោក ហេង បូមករា បានឲ្យដឹងថា បើទោះជាក្នុងកាលៈទេសៈដែលពិភពលោកកំពុងមានភាពមិនប្រកដប្រជាក៏ដោយ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យា អាចជាចន្ទល់មួយក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ ជាក់ស្ដែង នៅក្នុងយុគ្គសម័យបដិវត្តឧស្សាហកម្មទី៤ បច្ចេកវិទ្យាគឺជាសមាសភាពយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសឹងតែគ្រប់វិស័យ ។

ស្របគ្នានេះដែរ ទោះបីជាសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះ ហើយអាជីវកម្មជាច្រើនប្រឈមនឹងការថមថយនៃប្រាក់ចំណូល និងខ្លះឈានទៅដល់ការក្ស័យធននាអំឡុងពេលវិបត្ដិកូវីដ១៩ ប៉ុន្តែសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកវិញបានចាត់ទុករយៈពេលនេះ ថាជារយៈពេលដ៏ត្រចះត្រចង់បំផុត ដោយសារការដាក់ចេញនូវវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។ ជាក់ស្ដែង ប្រាក់ចំណូលរបស់ក្រុមហ៊ុន E-Commerce ដូចជា Netflix, Amazon, Tiktok, Walmart, និង Tao Bao  ជាដើម មានការកើនឡើងគួរឱ្យកត់សម្គាល់អំឡុងឆ្នាំ២០២០-២០២១។

ក្នុងន័យនេះ វិបត្ដិកូវីដ១៩ គឺជាសមាសភាពមួយក្នុងការបន្សាំបច្ចេកវិទ្យា ជាមួយការរស់នៅនិងការធ្វើពាណិជ្ជកម្ម ស្របពេលដែលបច្ចេកវិទ្យាទាំងនេះ បានជំរុញឱ្យមានភាពប្រសើរឡើងនៃខ្សែចង្វាក់តម្លៃ ការលើកកម្ពស់ការប្រកួតប្រជែង និងការបង្កើតនវានុវត្ដន៍ថ្មីៗ ដែលជាឈ្នាន់មួយដើម្បីធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅ តាមរយៈការបង្កើនឱកាសការងារ ការបង្កើនលទ្ធភាពទទួលបានការអប់រំនិងស្វ័យសិក្សា និងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម រួមទាំងការបង្កើនភាពអង់អាចរបស់ស្ត្រីផងដែរ។

ក្នុងបរិបទនេះ ការកាត់បន្ថយផលប៉ះពាល់ពីឥទ្ធិពលសេដ្ឋកិច្ចពិភពលោក និងការកែប្រែឧបសគ្គទៅជាកាលានុវត្ដភាព នឹងនាំមកនូវការធានាបាននៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ ក៏ដូចជាឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនាពេលអនាគត។
លោកបន្តថា នៅក្នុងនិន្នាការនេះ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ត្រូវបានរៀបចំឡើងដើម្បីជំរុញឱ្យមានការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ប៉ុន្តែបើតាមមន្ត្រីរូបនេះបានបន្ថែមថា ការចូលរួមនៃបច្ចេកវិទ្យាក្នុងការអភិវឌ្ឍបច្ចេកវិទ្យានេះក៏អាចបង្កើតបញ្ហាផងដែរ ដែលទាមទារឱ្យអ្នកតាក់តែងគោលនយោបាយ អ្នកផ្ដល់សេវាហិរញ្ញវត្ថុ ក៏ដូចជាអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ត្រូវមានការយកចិត្ដទុកដាក់ខ្ពស់អំពីសន្តិសុខសាយប័រក្នុងគោលបំណងបញ្ចៀសសេនារីយ៉ូណាមួយដែលអាចបង្កជាហានិភ័យ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនិងផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា (TRMG) ដើម្បីបង្កើនសន្តិសុខ សុវត្ថិភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ បន្ថែមលើគោលការណ៍ណែនាំនេះ ធនាគារជាតិនៃកម្ពុជាក៏បានដាក់ចេញនូវ បទប្បញ្ញត្តិផ្សេងៗ ក្នុងការគ្រប់គ្រងហានិភ័យសេវាធនាគារឌីជីថលផងដែរ ដូចជា ប្រកាសស្តីពីការគ្រប់គ្រងគ្រឹះស្ថានផ្តល់សេវាទូទាត់ ដែលតម្រូវឱ្យគ្រឹះស្ថានបង្កើតក្របខ័ណ្ឌគ្រប់គ្រងហានិភ័យគ្រប់ជ្រុងជ្រោយ និងតម្រូវឱ្យគ្រឹះស្ថានធ្វើការវាយតម្លៃផ្នែកសុវត្ថិភាពជាប្រចាំ និងការធ្វើតេស្តដើម្បីកំណត់ភាពងាយរងគ្រោះរបស់ប្រព័ន្ធ។

ទន្ទឹមនេះ លោកបានស្នើឱ្យអ្នកប្រើប្រាស់សេវាធនាគាររួមទាំងសេវាធនាគារឌីជីថលសូមយកចិត្ដទុកដាក់ខ្ពស់ក្នុងរក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរស័ព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ជាដើម ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។