(បរទេស)៖ បច្ចេកវិទ្យា AI បាននឹងកំពុងតែធ្វើឲ្យមនុស្សជាច្រើនព្រួយបារម្ភ តួយ៉ាងដូចជាក្រុមអ្នកសិល្បៈហូលីវូដ ដោយពួកគេបារម្ភខ្លាំង AI ជំនួសការងាររបស់ពួកគេ ធ្វើឲ្យពួកគេអត់ការងារធ្វើ និងម្យ៉ាងទៀត គឺការយករូបថតរបស់ពួកគេ ដែលធ្វើដោយ AI និងគ្មានការអនុញ្ញ្ញាតពីសាមីខ្លួនផ្ទាល់។ ជាក់ស្តែង ថ្មីៗនេះតារាហូលីវូដល្បីឈ្មោះ Tom Hanks ហាក់ស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីឃើញរូប AI របស់លោកត្រូវបានគេយកទៅផ្សព្វផ្សាយពាណិជ្ជកម្មមាត់ធ្មេញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។

Tom Hanks បានបង្ហោះសារមួយចំនួនប្រាប់ទៅកាន់អ្នកគាំទ្រក្នុង Instagram អមជាមួយរូបភាព AI ដែលគេធ្វើនោះ យ៉ាងដូច្នេះថា «សូមប្រុងប្រយ័ត្ន! មានវីដេអូមួយ ដែលផ្សព្វផ្សាយអំពីគម្រោងធ្មេញមួយចំនួន ដែលមានរូបខ្ញុំធ្វើចេញពី AI។ ខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងវាទេ…»។ តារាសម្តែង Tom Hanks កន្លងទៅក៏ត្រូវបានគេដឹងថា ធ្លាប់បានចូលរួមផងដែរ ពីការពិភាក្សានានា អំពីផលប៉ះពាល់ដែលកំពុងកើនឡើងនៃបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាក្លែងក្លាយនៅក្នុងឧស្សាហកម្មច្នៃប្រឌិតនាពេលបច្ចុប្បន្ននេះ។

នៅក្នុងការពិភាក្សានាពេលថ្មីៗនេះ លោកបានស្វែងយល់អំពីផលប៉ះពាល់នៃការផ្លាស់ប្តូរនៃបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាក្លែងក្លាយយ៉ាងស៉ីជម្រៅលើឧស្សាហកម្មកម្សាន្ត។ Hanks បានសង្កត់ធ្ងន់លើថាមពលនៃបច្ចេកវិទ្យាទាំងនេះដោយនិយាយថា «ឥឡូវនេះនរណាម្នាក់អាចបង្កើតខ្លួនឯងឡើងវិញនៅគ្រប់វ័យដែលពួកគេមាន តាមរយៈ AI ឬបច្ចេកវិទ្យាក្លែងក្លាយ»