(ភ្នំពេញ)៖ តារាសម្ដែងវ័យក្មេង​កញ្ញា Kay No (កាយ ណូ) មិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងពោរពេញទៅដោយសមត្ថភាពសម្តែង និងផលិតវីដេអូឃ្លីបដ៏ទាក់ទាញអ្នកគាំទ្រ និងអ្នកទស្សនារហូតដល់ខ្ទង់រាប់លាននាក់ នៅលើបណ្តាញសង្គមថែមទៀតផង។

ថ្លែងប្រាប់ Fresh News Plus តារាសម្ដែងកញ្ញា Kay No បានឲ្យដឹងថា នេះគឺជាសម័យឌីជីថល ដូច្នេះទើបនាងងាកមកផលិតវីដេអូឃ្លីបខ្លីៗ ផ្គួបផ្សំនិងទេពកោសល្យសិល្បៈសម្តែង ដើម្បីបម្រើចំណីចក្ខុរបស់ទស្សនិកជនបន្ថែមទៀត ក្រៅពីការសម្តែងនៅក្នុងខ្សែភាពយន្តរបស់ផលិតកម្ម Sastra Film។

ស្រីស្អាតរាងតូចច្រឡឹងកញ្ញា Kay No បានបន្ថែមថា ភាពល្បីល្បាញមិនមែនចេះតែកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យលើថ្វីដៃ សមត្ថភាព និងការប្តេជារបស់ខ្លួនយើងពិតប្រាកដ ហើយជាពិសេសត្រូវបង្កើនភាពស្និទ្ធស្នាលរវាងខ្លួនយើងជាតួសម្តែង និងហ្វេនៗ តាមរយៈបណ្តាញសង្គម ឬកម្មវិធីជួបជុំអាយដល និងហ្វេនផងដែរ។

ប្រជាប្រិយភាពទាំងក្នុងរង្វង់សិល្បៈ និងបណ្តាញសង្គម បានធ្វើឲ្យស្រីស្អាត Kay No ហាក់មានទីផ្សារការងារមមាញឹកខ្លាំង រហូតមានក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុក បណ្តាក់គ្នាទាក់ទងឲ្យផ្សព្វផ្សាយម៉ាកយីហោ ឬក៏ផលិតផលរបស់ខ្លួនជាដើមផងដែរ។

ជាក់ស្តែងថ្មីៗក៏មានក្រុមហ៊ុនល្បីឈ្មោះ Justeen Miracle ក៏បានចូលចែចូវកញ្ញា Kay No ធ្វើជាទូតសុច្ឆន្ទៈផងដែរ។ មានយីអ៊ុនឡើងបែបនេះ ស្រីស្អាត Kay No បានកែប្រែកម្រិតជីវភាពរស់នៅកាន់តែប្រសើរថែមមួយកម្រិតទៀត ដែលរាប់បញ្ចូលទាំងរូបសម្រស់ និងភាពស៊ីវិល័យទាន់សម័យ៕