(ហាន់ចូវ)៖ ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករអត្តពលកម្ម ឈុន ប៊ុនថន បានបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិនហើយ ខណៈវិញ្ញាសាចុងក្រោយ ដែលទើបប្រកួតនៅព្រឹកថ្ងៃទី០២ ខែតុលានេះ រូបគេបានទទួលត្រឹមចំណាត់ថ្នាក់លេខ៤ ក្នុងស៊េរី លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដោយប្រើថិរវេលា ១នាទី និង ៥០.៩៧វិនាទី តែបានបំបែកកំណត់ត្រាចាស់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។

ជាមួយថិរវេលានេះដែល ឈុន ប៊ុនថន ធ្វើបានក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ៤ឆ្នាំម្ដងខាងលើនេះ ហាក់មិនសូវគាប់ប្រសើរនោះទេ បើធៀបនឹងការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៣ នៅប្រទេសថៃ កាលពីខែកក្កដាកន្លងទៅ ដែលរូបគេប្រើថិរវេលាត្រឹមតែ ១នាទី និង ៥០.០៩វិនាទីប៉ុណ្ណោះ ។ តែយ៉ាងណាសិទ្ធផលនេះ ប៊ុនថន នៅតែបំបែកកំណត់ត្រាចាស់ ដែលរូបគេដណ្ដើមបានមេដាយមាសស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដោយប្រើថិរវេលា ១នាទី និង ៥២.៩១វិនាទី ។

គួរដឹងថា ក្នុងការប្រកួតកីឡាអាស៊ី លើកទី១៩ កីឡាករ ឈុន ប៊ុនថន បានចូលរួមប្រកួតលើ ២វិញ្ញាសា ខណៈវិញ្ញាសាដំបូង គឺគេបានប្រកួតរត់ចម្ងាយ ១,៥០០ម៉ែត្រ កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ ដោយប្រើថិរវេលា ៣នាទី និង ៥៩.៩៧វិនាទី បំបែកកំណត់ត្រាចាស់លោក ញៀ ខៃ ដែលប្រើថិរវេលា ៤នាទី និង ០១.៨វិនាទី កាលពីឆ្នាំ១៩៦៥ ៕