(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថានហើយ ដោយលោក Felix Dalmas បានកោះហៅកីឡាករ ២៧នាក់ សម្រាប់បំពេញបេសកកម្មនេះ ។

សម្រាប់កីឡាករ ២៧នាក់ ដែលត្រូវបានលោក Felix ផ្ដល់សេចក្ដីទុកចិត្តជាមួយក្រុមគោព្រៃលើកនេះ គឺមានសមាជិកក្រុមបឹងកេត ៦នាក់, ណាហ្គាវើលដ៏ ៣នាក់, ភ្នំពេញក្រោន ៤នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, វិសាខា ៩នាក់ និងព្រៃវែងអេហ្វស៊ីម្នាក់ ។ រីឯម្នាក់ទៀត គឺខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ដែលកំពុងប្រកបអាជីពជាមួយក្លិប AL Shahaniya SC នៃលីគទី២ ប្រទេសកាតា ។

គួរដឹងថា បន្ទាប់ពីការប្រមូលផ្ដុំហ្វឹកហាត់នាពេលឆាប់ៗខាងមុខ ក្រុមជម្រើសជាតិកម្ពុជា មានភារកិច្ច ២ប្រកួតក្នុងវគ្គជម្រុះជុំទី១ នៃពានរង្វាន់ FIFA World Cup 2026 ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយជើងទី១ នឹងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) នាថ្ងៃទី១២ ខែតុលា និងជើងទី២ ត្រូវប្រកួតនៅទឹកដីប្រទេសប៉ាគីស្ថានវិញម្ដង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ៕