(បរទេស)៖ បន្ទាប់ពីអ្នកប្រើប្រាស់ជាច្រើនបង្ហោះសារត្អូញត្អែរអំពី iPhone 15 ឡើងកម្តៅខុសធម្មតាកាលពីសប្តាហ៍មុន ពេលនេះ Apple ចេញសារបញ្ជាក់ពីបញ្ហានោះហើយ ដោយលើកឡើងពីមូលហេតុសំខាន់ៗចំនួន ៣គឺ កំហុសនៅក្នុងកំណែ iOS 17 ការធ្វើបច្ចុប្បន្នភាពកម្មវិធី និង ឆ្នាំងសាកមានកម្លាំងលើសពី ២០វ៉ាត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។

យោងតាមការបញ្ជាក់ពី Apple បានឱ្យដឹងថា បញ្ហាត្រកូល iPhone 15 ទាំង ៤ម៉ូដែលឡើងកម្តៅនេះ គឺបណ្តាលមកពី ផ្នែល Software ដោយពុំមានជាប់ទាក់ទងជាមួយផ្នែក Hardware នោះទេ។ ពោលគឺ បណ្តាលមកពីលក្ខខណ្ឌចំនួន ៣ដែល Apple បានលើកឡើងដែលក្នុងនោះរួមមាន មូលហេតុទី១ ការធ្វើបច្ចុប្បន្នភាពទៅកំណែចុងក្រោយ iOS 17 ដែលកំពុងប៉ះពាល់ដល់អ្នកប្រើប្រាស់មួយចំនួន ប៉ុន្តែ Apple បញ្ជាក់ថា ខ្លួននឹងបញ្ចេញការធ្វើបច្ចុប្បន្នភាពកម្មវិធីក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហា។

ចំពោះមូលហេតុទី២ វិញគឺបណ្តាលមកពី ការធ្វើបច្ចុប្បន្នភាពកម្មវិធីនៅលើកំណែ iOS 17 ជាក់ស្តែងដូចជាកម្មវិធី Instagram និង Uber ដែលវាទាមទារថាមពលខ្លាំងក្នុងដំណើរការធ្វើបច្ចុប្បន្នភាព។ ខណៈដែលមូលហេតុទី៣ វិញគឺ បណ្តាលមកពីឆ្នាំងសាក USB-C ថ្មីរបស់ Apple ដែលវាមានកម្លាំងខ្លាំងជាងប្រភេទ Lightning នឹងមានថាមពលខ្លាំងរហូតដល់ ២០វ៉ាត់ឯណោះ ដែលជាមូលហេតុធ្វើឱ្យ iPhone កើនឡើងកម្តៅក្នុងអំឡុងពេលសាកដំបូងៗ។

យ៉ាងណាជុំវិញបញ្ហានេះ Apple បានធានាថា មិនមានជាប់ទាក់ទងនឹង Hardware ទៅលើដំណើរការបន្ទះឈីប A 17 Pro ឬតួទីតាញ៉ូមថ្មីរបស់ iPhone 15 Pro/ 15 Pro Max និង ការឌីហ្សាញតួខាងក្នុងស្មាតហ្វូននោះទេ។ Apple បន្ថែមការអះអាងថា តួទីតាញ៉ូមថ្មីនេះមានសមត្ថភាពទប់កម្តៅ iPhone បានទ្វេដង បើធៀបទៅនឹងតួដែកអ៊ីណុករបស់ខ្លួន។

គួរជម្រាបដែរថា បញ្ហាដែលបានរកឃើញខាងលើនេះ ក្រុមហ៊ុន Apple កំពុងធ្វើការជួសជុល ដែលទំនងបញ្ចេញការធ្វើបច្ចុប្បន្នភាពកែប្រែកំហុសបច្ចេកទេសក្នុងពេលឆាប់ៗនេះ៕