(ភ្នំពេញ)៖ តារាសម្តែងវ័យក្មេងស្រស់ស្អាតកញ្ញា ពៅ ពិសី មិនត្រឹមតែឆក់បានបេះដូងអ្នកគាំទ្រ ក្នុងស្រទាប់យុវវ័យប៉ុណ្ណោះទេ តែនាងអាចក្លាយជា ទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន Justeen Miracle ដែលកំពុងល្បីនៅស្រុកខ្មែរថែមទៀតផង។ ការតស៊ូនៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ កញ្ញា ពៅ ពិសី ផ្លាស់ប្តូរជោគវាសនារបស់ខ្លួនក្លាយជាបុគ្គលមហាជនត្រឹមតែមួយប៉ប្រិចភ្នែក ដោយសារតែទេពកោសល្យសិល្បៈតាំងពីកំណើត និងការប្តេជ្ញាចិត្តមិនបោះបង់ចោល ទោះបីជាកាលៈទេសៈណាក៏ដោយ។

ស្រីស្អាត ពៅ ពិសី បានថ្លៃប្រាប់ Fresh News Plus ឲ្យដឹងថា ធ្វើជាតារាសម្តែងពុំងាយស្រួលនោះទេ ត្រូវពូកែចាំសេណារីយ៉ូសាច់រឿង ចេះលេងទឹកមុខ និងកាយវិកា រួមផ្សំនឹងភាពអត់ធ្មត់ទោះបីជាត្រូវហាលថ្ងៃ ភ្លៀងខ្យល់ ប៉ុន្តែហេតុតែស្រឡាញ់ក្នុងអាជីពជាអ្នកសម្តែងតាំងពីតូចក្រូចឆ្មា ទីបំផុតនាងអាចធ្វើបាន។

កញ្ញា ពៅ ពិសី បានបន្ថែមថា «ខ្ញុំពុំដែលនឹកស្មានថាខ្ញុំអាចផ្ទុះការគាំទ្រ និងឆក់បានប្រជាប្រិយភាពដល់ថ្នាក់នេះសោះ! ខ្ញុំសូមសន្យាថា នឹងខិតខំប្រឹងប្រែងសម្តែងឲ្យកាន់តែល្អឡើងៗ ដើម្បីបម្រើនូវទស្សនីភាពចក្ខុរបស់ពុកម៉ែបងប្អូនបន្តទៀត»។

មិនត្រឹមតែមានភាពលេចធ្លោជាមួយនឹងការសម្តែងឲ្យផលិតកម្មល្បីៗក្នុងស្រុកប៉ុណ្ណោះទេ កញ្ញា ពៅ ពិសី ក៏ជាតារាហ្វេសប៊ុក និង TikTok ដ៏មានប្រជាប្រិយភាពមួយរូបផងដែរ ហើយបច្ចុប្បន្ន កំពុងត្រូវប៉ាន់ការងារថតស្បតពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលល្បីៗឲ្យក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុក។

អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះ គឺថ្មីៗនេះ កញ្ញា ពៅ ពិសី ត្រូវបានក្រុមហ៊ុន Justeen Miracle ចុះកុងត្រាជ្រើសរើស ធ្វើជាទូតសុច្ឆន្ទៈ តារាតំណាងផ្សព្វផ្សាយផលិតផល ដែលកំពុងល្បីឈ្មោះនៅស្រុកខ្មែរថែមទៀតផង។

សូមរំឭកថា កញ្ញា ពៅ ពិសី ចូលប្រឡូកក្នុងសិល្បៈតាំងពីវ័យកុមារ ហើយទទួលបានការគាំទ្រ រហូតដល់អាចគ្រោងជាតំណែងតួឯក ក្នុងរឿងជាបន្តបន្ទាប់ ដោយសារភាពប៉ិនប្រសប់ និងស្នាមញញឹមធ្មេញជំពើស ដ៏សែនទាក់ទាញរបស់នាង៕