(អេស្ប៉ាញ)៖ ខ្សែបម្រើ Raphinha របស់ក្លិប FC Barcelona ត្រូវបានរបាយការណ៍បង្ហាញថា នឹងត្រូវសម្រាកព្យាបាលរបួសសរសៃពួរ រយៈពេល ១ខែ បន្ទាប់ពីការត្រួតពិនិត្យដោយគ្រូពេទ្យ ដែលរបួសនេះកើតឡើងនៅក្នុងការប្រកួតប៉ះជាមួយក្រុម Sevilla ដែលក្រុមលោក Xavi យកឈ្នះ ១-០ ក្នុងសប្តាហ៍ទី៨ នៃលីគ La Liga។

Raphinha ត្រូវបានប្តូរចេញនៅតង់ទី១ ដែលជំនួសដោយកីឡាករ Fermin Lopez ខណៈពេលនេះរូបគេត្រូវសម្រាកព្យាបាលរបួសនេះ ដោយអ្នកចាត់ការក្រុមលោក Xavi បានបង្ហាញថា កីឡាករ Raphinha ត្រូវផ្អាកពីសកម្មភាពរយៈពេល ១ខែ។

ហើយខ្សែប្រយុទ្ធរូបនេះ និងត្រូវខកខាននៅឱកាសបានបង្ហាញខ្លួនជាមួយក្រុម Barcelona នៅពេលប៉ះជាមួយក្រុម FC Porto នៅវគ្គចែកពូល UEFA Champions League ក៏ដូចជាជំនួបប៉ះ Granada មុនពេលឈប់សម្រាកអន្តរជាតិ និងការបង្ហាញខ្លួននៅជម្រើសជាតិប្រេស៊ីល នៃប្រកួតជម្រុះ World Cup។

ស្ថានភាពនេះ Raphinha ក៏ត្រូវបានគេរំពឹងថា អាចបន្តខកខាននៅជំនួបក្នុងលីគប៉ះក្រុម Athletic Club និងជំនួប UCL ប៉ះក្រុម Shakhtar Donetsk និងអាចឈានទៅដល់ជំនួបធំប្រចាំលីគ (El Clasico) នៅថ្ងៃទី២៨ ខែតុលាខាងមុខនោះផងដែរ, ដែលរូបគេបានធ្លាក់ចូលក្នុងបញ្ជីកីឡាករសំខាន់ដែលមានរបួសជាមួយ Pedri និង Frenkie de Jong ដែលជាស្ថានភាពអាក្រករបស់ក្លិប៕