(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក «TheVoice Cambodia» រដូវកាលទី៣ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ នារាត្រីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ខណៈម្ចាស់ពានបានទៅលើបេក្ខភាព លឹម សេរីហាន់នីកា ដែលជាកូនក្រុមរបស់ Coach ពេជ្រ សោភា។ អ្វីដែលធ្វើឲ្យមហាជនកោតសរសើរចំពោះម្ចាស់ពានរង្វាន់រូបនេះ​ គឺការខិតខំប្រឹងប្រែងវិវឌ្ឍន៍ខ្លួនរបស់នាង ក៏ដូចជាការយកចិត្តទុកដាក់ក្រេបយកចំណេះជំនាញពីគ្រូបង្វឹក រហូតវិវឌ្ឍន៍ខ្លួនបានក្លាយជា ម្ចាស់ពានរង្វាន់ «The Voice Cambodia» រដូវកាលទី៣នេះតែម្តង។

ម្ចាស់ពានរង្វាន់ លឹម សេរីហាន់នីកា ត្រូវបានគេដឹងថា មានអាយុ១៦ឆ្នាំ មកពីខេត្តកំពង់ធំ បានក្លាយជាសមាជិកថ្មីរបស់ហង្សមាសចុះកុងត្រារយៈពេល៥ឆ្នាំ និងទទួលបានប្រាក់រង្វាន់ចំនួន ១០០លានរៀល បន្ទាប់ពីទទួលបានជយលាភីកំពូលក្នុងការប្រឡងចម្រៀងលំដាប់ពិភពលោកនេះ។ កញ្ញា លឹម សេរីហាន់នីកា គឺជាកូនក្រុមរបស់ Coach ពេជ្រ សោភា  បានឈ្នះពាន «The Voice Cambodia» រដូវកាលទី៣ ដោយយកឈ្នះបេក្ខភាព៣រូបផ្សេងទៀត គឺ គឹម សុវណ្ណ កូនក្រុម ឱក សុគន្ធកញ្ញា, សាល បាទី កូនក្រុម ឆន សុវណ្ណារាជ និង សួន សុវណ្ណចន្នី កូនក្រុមរបស់ ណុប បាយ៉ារិទ្ធ។

ក្រឡេកមកមើលអ្នកនាង ពេជ្រ សោភា ដែលជាគ្រូបង្វឹកវិញ ត្រូវបានគេដឹងថា មិនធ្លាប់មានកូនក្រុមរបស់នាង រូបណា ដណ្តើមបានពានរង្វាន់ ដែលចាប់តាំងពីមានកម្មវិធីប្រឡងចម្រៀងនេះមក ខណៈសម្រាប់រដូវកាលទី៣នេះ ជាលើកទី១ហើយ។ កន្លងទៅតារាចម្រៀង ពេជ្រ សោភា ក៏តែងតែបង្ហោះសារជារឿយៗថា មិនសង្ឃឹមថាកូនក្រុមរបស់ខ្លួនអាចនឹងដណ្តើមពាននោះទេ ដោយគ្រាន់តែចង់ឲ្យកម្មវិធីចប់ឆាប់ៗ នឹងបានធ្វើបទចម្រៀងឲ្យកូនក្រុមរបស់នាងច្រៀង ប៉ុន្តែគ្រប់យ៉ាងបានខុសពីការរំពឹងទុក ដោយកូនក្រុមរបស់អ្នកនាងអាចដណ្តើមបានពាន «The Voice Cambodia» រដូវកាលទី៣ ដែលធ្វើឲ្យអ្នកនាង ពេជ្រ សោភា ជាគ្រូបង្វឹករំភើបទប់ទឹកភ្នែកមិនជាប់។

គួរជម្រាបថា ម្ចាស់ពានរង្វាន់ «The Voice Cambodia» រដូវកាលទី៣ កញ្ញា លឹម សេរីហាន់នីកា ធ្លាប់ជាប់ក្នុងតារាង Best of The Voice ចំនួន២សប្តាហ៍ជាប់ៗគ្នា ដោយមិនធ្លាប់មានបេក្ខភាពរូបណាបានជាប់ពីមុនមកនោះទេ ដែលនេះអាចបញ្ជាក់បានថា ម្ចាស់ពានរង្វាន់រូបនេះ គឺជាបេក្ខនារីដេលមានសមត្ថភាពពិតៗ និងពិតជាស័ក្តិសមជាម្ចាស់ពានសម្រាប់រដូវកាលទី៣នេះ៕