(ភ្នំពេញ)៖ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ, នេះបើយោងតាមមាត្រា ៤៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ មាត្រានេះ បានធានាឱ្យប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិសេរីភាពពេញទីខាងជំនឿសាសនា និងការបដិបត្តិខាងផ្លូវសាសនា ប៉ុន្តែត្រូវធានាឱ្យបានការគោរពប្រតិបត្តិនោះ មិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ និងសាសនាដទៃទៀត ឬសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទ្បើយ ។

ក្នុងនោះដែរ មានប្រជាជនកម្ពុជាប្រមាណ ៩៥% នៃចំនួនប្រជាជនសរុប មិនថាក្មេងចាស់ ប្រុសស្រី ដែលកាន់ព្រះពុទ្ធសាសនា ឬហៅថា «ពុទ្ធសាសនិក» បាននិងកំពុងគោរពបដិបត្តិតាមមាគ៌ា នៃពុទ្ធសាសនា ដោយមានការគោរពព្រះពុទ្ធប្បដិមា ការគោរពព្រះសង្ឃដែលជាអង្គសាវក និងការគោរពបូជាផ្សេងៗទៀតតាមបែបប្រពៃណីសាសនាជាដើម ។

ដោយសារមើលឃើញថា ព្រះសង្ឃ មិនមែនគ្រាន់តែជាតួអង្គដែលតំណាងឱ្យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ បន្ថែមពីនេះព្រះសង្ឃក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកព្រះពុទ្ធសាសនា អប់រំសីលធម៌ សុជីវធម៌ និងការចូលរួមផ្សេងៗដែលជួយលើកកម្ពស់ព្រះពុទ្ធសាសនាឱ្យបានកាន់តែទូលំទូលាយទៅក្នុងសាកលលោក ។

ជាមួយគ្នានេះដែរ មានបញ្ញត្តិមួយចំនួនក្នុងក្រមព្រហ្មទណ្ឌត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមការពារ និងលើកកម្ពស់តម្លៃរបស់ព្រះពុទ្ធសាសនា ព្រមទាំងមានការកំណត់ដោយផ្តន្ទាទោសចំពោះអំពើទាំងឡាយណាដែលបំពារបំពាន និងមានការប៉ះពាល់ក្នុងចេតនាទុច្ចរិតដើម្បីទាញយកអត្ថប្រយោជន៍ក្នុងព្រះពុទ្ធសាសនាផងដែរ ។

តើមានបញ្ញត្តិណាខ្លះ ដែលត្រូវបានការពារពីអំពើបំពានក្នុងព្រះពុទ្ធសាសនា?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះសូមលើកយកប្រធានបទ «បទល្មើសប៉ះពាល់ដល់ព្រះពុទ្ធសាសនា» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ ។

កម្ពុជាមានវត្តអារាមសរុបប្រមាណ ៥.១៣៣ វត្ត ព្រមទាំងមានព្រះសង្ឃសរុបប្រមាណ ៦៨.៩៦៧ អង្គ នៅទូទាំងរាជធានី-ខេត្តក្រុង, នេះបើយោងតាមតារាងស្ថិតិវត្ត និងព្រះសង្ឃទូទាំងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ របស់នាយកដ្ឋានកិច្ចការព្រះពុទ្ធសាសនា ហើយវត្តអារាមជាទីកន្លែងសាសនាដែលទុកសម្រាប់ពុទ្ធសាសនិក គោរពបូជា ក៏ដូចជាប្រារព្ធនូវកិច្ចពិធីសាសនាផ្សេងៗ ។

ក្នុងករណីមានជនណាមួយមានចេតនាទុច្ចរិត យកព្រះពុទ្ធសាសនាមកធ្វើជាអាជីវកម្ម ក៏ដូចជាប្រព្រឹត្តនូវសកម្មភាពផ្សេងៗដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជា ការក្លែងធ្វើជាសង្ឃដោយស្លៀកដណ្តប់នូវស្បង់ចីពរ ដោយធ្វើការដើរបិណ្ឌបាត្រ ធ្វើការរៃអង្គាសពីប្រជាជន ការលួចបូជនីយវត្ថុក្នុងវត្តអារាម (វត្ថុដែលគួរបូជា) ឬការបំផ្លាញព្រះពុទ្ធបដិមាក្នុងវត្តអារាម នោះនឹងត្រូវមានការកំណត់ផ្តន្ទាទោសតាមមាត្រាដូចខាងក្រោម៖

* មាត្រា ៥០៨ (បទស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ)៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែនរៀល) អំពើស្លៀកដណ្តប់ជាសាធារណៈ ដោយគ្មានសិទ្ធិនឹងស្លៀកដណ្តប់នូវស្បង់ ចីពរ សម្រាប់អ្នកបួសក្នុងពុទ្ធសាសនា ។

* មាត្រា ៥០៩ (បទលួចបូជនីយវត្ថុក្នុងព្រះពុទ្ធសាសនា)៖ ដោយមិនទាន់គិតដល់ទោសធ្ងន់ជាងគេដែលមានចែងក្នុងក្រមនេះ ការលួចបូជនីយវត្ថុក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តនៅក្នុងបូជនីយដ្ឋានសាសនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។

* មាត្រា ៥១០ (បទធ្វើឱ្យខូចខាតដល់បូជនីយដ្ឋានសាសនា ឬបូជនីយវត្ថុក្នុងព្រះពុទ្ធសាសនា) ៖ ដោយមិនទាន់គិតដល់ទោសធ្ងន់ជាងគេដែលមានចែងក្នុងក្រមនេះ អំពើដែលប្រព្រឹត្តដោយចេតនាបំផ្លាញ ធ្វើឱ្យទ្រុឌទ្រោម ឬធ្វើឱ្យខូចខាតបូជនីយដ្ឋានដែលបូជាចំពោះព្រះពុទ្ធសាសនា ឬបូជនីយវត្ថុក្នុងសាសនានេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។

សរុបមក បទល្មើសដូចបានរៀបរាប់ខាងលើនេះ គឺជាបទមជ្ឈិមដែលត្រូវបានក្រមព្រហ្មទណ្ឌបញ្ញត្តិទ្បើងដើម្បីធ្វើការផ្ដន្ទាទោសចំពោះបុគ្គលដែលបានធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយការប៉ុនប៉ងប្រព្រឹត្តបទល្មើសនេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើនេះដែរ ។ ក្រៅពីការផ្តន្ទាទោសខាងលើ បទល្មើសទាំងនេះ បានបញ្ញត្តិឡើងក្នុងគោលបំណងការពារ និងតម្លៃនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៉ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclf.com, ទំព័រហ្វេសប៊ុក៖ Cambodia International Cooperation Law Firm ៕