(ភ្នំពេញ)៖ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ បានរៀបចំព្រឹត្ដិការណ៍ពិព័រណ៍ជំនាញ និងការងារ ២០២៣ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមកិច្ចសហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងមជ្ឈមណ្ឌលការងារ នៃការងារសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ព្រឹត្ដិការណ៍ពិព័រណ៍ជំនាញ និងការងារ ២០២៣ ខាងលើនេះ រៀបចំបើកក្រោមវត្ដ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា, លោក ស៊ូ វិសាល នាយកគ្រប់គ្រង វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ និងលោកសាស្ដ្រចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិគ្រប់គ្រង។

ថ្លែងនាឱកាសនោះ លោកបណ្ឌិត ទូច វិសាលសុខ ​បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដែលបានផ្ដួចផ្ដើមរៀបចំ ព្រឹត្ដិការណ៍នេះឡើង ដោយភ្ជាប់ទៅនឹង «វិស័យអប់រំ និងការងារ» ដើម្បីលើកកម្ពស់ការយល់ដឹង របស់សាធារណជនអំពីចក្ខុវិស័យ និងយុទ្ធសាស្ដ្រអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុ របស់ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។

លោកបណ្ឌិត ទូច វិសាលសុខ បានគូសបញ្ជាក់ថា ព្រឹត្ដិការណ៍នេះ ក៏ផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍ និងឧត្ដមានុវត្ដន៍ ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈម តួយ៉ាងពាក់ព័ន្ធទៅនឹងតម្រូវការធនធាន ក្នុងវិស័យធនាគារ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន និងសម្រាប់អនុវត្ដនាពេលខាងមុខ។

លោកសាស្ដ្រចារ្យបណ្ឌិត ហោ ប៉េង បានលើកឡើងថា ព្រឹត្ដិការណ៍នេះ ផ្ដល់ឱកាសដល់និស្សិត និងអ្នកជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ ស្វែងយល់អំពីសក្ដានុពលនៃវិស័យធនាគារ និងទទួលបានព័ត៌មានអំពីឱកាសការងារ កម្មសិក្សាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

លោកសាស្ដ្រចារ្យបណ្ឌិត បានបន្ថែមទៀត និស្សិត និងសាធារណជន នឹងទទួលបានការប្រឹក្សាយោបល់ពីមន្ដ្រីនៃមជ្ឍមណ្ឌលការងារ នៃសាកលវិទ្យាជាតិគ្រប់គ្រង និងអ្នកជំនាញដែលបុគ្គលិករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានវត្ដមាននៅតាមស្ដង់របស់គ្រឹះស្ថាន ក្នុងរយៈពេលនៃការតាំងពិព័រណ៍នេះ។

ពិព័រណ៍ជំនាញ និងការងារ ក្នុងវិស័យធនាគារ រៀបចំធ្វើឡើង ក្នុងគោលបំណង៖

ទី១៖ ដើម្បីសម្របសម្រួល និងឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សជាគំហុកហិរញ្ញវត្ថុ សមស្របទៅនឹងការរីកដុះដាលយ៉ាងខ្លាំងរបស់វិស័យ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ទី២៖ ផ្តល់ជាវេទិកាដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការបង្ហាញបន្ថែមអំពី វប្បធម៌ការងារ ឱកាសនៃការពង្រីកចំណេះជំនាញ និងការអភិវឌ្ឍខ្លួន របស់គ្រឹះស្ថាន ជូនដល់ប្អូនៗសិស្សានុសិស្ស និង
ក្នុងវិស័យធនាគារ និងសាធារណៈជន។
ទី៣៖ ផ្តល់ឱកាសដល់ សិស្ស និស្សិត និងសាធារណៈជន ក្នុងការជួបជជែកផ្ទាល់ និងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពី ឱកាសហាត់ការ និងឱកាសការងារ ជាច្រើនកន្លែង នៅតាមគ្រឹះស្ថានធនាគារ និង
ហិរញ្ញវត្ថុ។
ទី៤៖ ផ្តល់ជាកម្មវិធីសម្រាប់ សិស្ស និស្សិត និងសាធារណៈជន ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីៗ ពាក់ព័ន្ធនឹងការអភិវឌ្ឍខ្លួន ភាពជាអ្នកដឹងនាំ ការធ្វើការជាក្រុម ជំនាញឌីជីថល និងជំនាញសំខាន់ៗផ្សេងៗ
ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយចំណេះជំនាញច្បាស់លាស់ សម្រាប់បម្រើការងារដល់វិស័យធនាគារ និងហិរញ្ញវត្ថុ។
ទី៥៖ ផ្ដល់ជាវេទិកាសម្រាប់ សិស្ស និស្សិត និងសាធារណៈជន បានយល់ដឹងបន្ថែមឲ្យកាន់តែស៊ីជម្រៅអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹង
ផ្នែកហិរញ្ញវត្ថុ និងនិន្នាការផ្សេងៗ៕