(ភ្នំពេញ)៖ សមាគមធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីប្រកួតកីឡាវាយសីសប្បុរសធម៌របស់វិស័យធានារ៉ាប់រងសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ប្រកបដោយជោគជ័យ ដោយមានការចូលរួម ជាកិត្តិយសរបស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា។

នេះជាការរៀបចំប្រកួតកីឡាដើម្បីសុខភាពជាលើកដំបូងបំផុតរបស់សមាគមធានារ៉ាប់រងកម្ពុជា ដោយបានរៃអង្គាសថវិកាសប្បុរសធម៌ សរុបចំនួន ១១,០០០ ដុល្លារអាមេរិក តាមរយៈការឧបត្ថម្ភ របស់ក្រុមហ៊ុនធានារ៉ាប់រងនានា និងការចុះឈ្មោះរបស់កីឡាករ-កីឡាការិនី ដើម្បីប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យផ្តល់ការព្យាបាលឥតគិតថ្លៃ ជូនកុមារនៅកម្ពុជារាប់លាននាក់។

ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី១របស់សមាគមធានារ៉ាប់រងកម្ពុជា ក្នុងរៀបចំនូវសកម្មភាពទទួល-ខុសត្រូវសង្គមតំណាង ឲ្យវិស័យធានារ៉ាប់រង នោះទេ។

ទោះតិចក្តី ច្រើនក្តី, សមាគមធានារ៉ាប់រងកម្ពុជា បានផ្តួចផ្តើមគំនិតដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ជាបន្តបន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងដែលជាសមាជិករបស់ខ្លួន សម្រាប់ការងារសង្គមតំណាង ឲ្យវិស័យធានារ៉ាប់រង ដើម្បីជួយសហគមន៍នានាក្នុងផ្នែកអប់រំ និងសុខាភិបាលនាពេលកន្លងមក។

ការប្រកួតកីឡាវាយសីសប្បុរសធម៌លើកទី១នេះ បានប្រព្រឹត្តទៅប្រកបដោយមិត្តភាព និងភាតរភាព ដែលមានការចូលរួមប្រកួតពីសំណាក់កីឡាករ-កីឡាការនីសរុបចំនួន ៨២រូប ត្រូវជា៤១ក្រុម មកពីនិយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង ព្រមទាំងអតិថិជនរបស់ក្រុមហ៊ុនផងដែរ។

ជាលទ្ធផលនៃការប្រកួតនេះ, កីឡាករ-កីឡាការនី ចំនួន ៦ ក្រុម បានទទួលពានជ័យលាភី មេដាយ និងរង្វាន់លើកទឹកចិត្ត។

សមាគមធានារ៉ាប់រងកម្ពុជា សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងកាយវិការដ៏សប្បុរធម៌របស់កីឡាករ-កីឡាការនី ថ្នាក់ដឹកនាំ បុគ្គលិក និងអតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាការគាំទ្ររបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការជ្រោមជ្រែងដល់កម្មវិធីសប្បុរសធម៌នេះ ឲ្យប្រព្រឹត្តទៅបានរលូន និងជោគជ័យ។

សមាគមធានារ៉ាប់រងកម្ពុជា នឹងបន្តសកម្មភាពសប្បុរសធម៌តំណាងឲ្យវិស័យធានារ៉ាប់រង ដើម្បីរួមចំណែកសម្រាលការលំបាក និងជ្រោមជ្រែងការអភិវឌ្ឍនៅក្នុងសហគមន៍ និងសង្គមតទៅមុខទៀត៕