(បរទេស)៖ ថ្មីៗនេះទីភ្នាក់ងារប្រឆាំងការរើសអើងពូជសាសន៍សហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងក្រុមហ៊ុន Tesla ជុំវិញការចោទប្រកាន់ថាមាន «ការរើសអើងពូជសាសន៍» នៅរោងចក្រ Fremont រដ្ឋកាលីហ្វ័រញ៉ាទៅលើបុគ្គលិកជនជាតិស្បែកខ្មៅម្នាក់ដែលកំពុងបម្រើការងារនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈពាក្យបណ្តឹងដែលបានដាក់នាពេលថ្មីនេះគណៈកម្មការឱកាសការងារស្មើភាពគ្នា (EEOC) បានឱ្យដឹងថា Tesla បានបង្ខំឱ្យបុគ្គលិកជនជាតិស្បែកខ្មៅម្នាក់ធ្វើការហួសព្រំដែនការងារ រួមទាំងប្រើប្រាស់ពាក្យសម្តីអសុរស និងកាយវិការមិនសមរម្យដល់បុគ្គលិកជនជាតិស្បែកខ្មៅម្នាក់ ក្នុងចំណោមអ្នកដែលពាក់ព័ន្ធប្រមាណ ២៤០នាក់ ។ មិនត្រឹមតែប៉ុណ្ណោះ Tesla ថែមទាំងគំរាមដាក់ទណ្ឌកម្មដល់ជនណាម្នាក់ដែលបានរាយការណ៍អំពីបញ្ហានេះថែមទៀតផង។

បើយោងតាមការបញ្ជាក់ពី EEOC បានឱ្យដឹងថា សកម្មភាពបែបនេះបានកើតឡើងលើបុគ្គលិកដែលជាជនជាតិស្បែកខ្មៅចាប់តាំងពីឆ្នាំ២០១៥ មកម្លេះ តែសហរដ្ឋអាមេរិកបានបន្តព្យាយាមក្នុងការលុបបំបាត់បញ្ហានេះ។

យ៉ាងណាមិញជុំវិញបញ្ហាដែលកំពុងកើតឡើង ភាគីខាង Tesla បានធ្វើការបដិសេធភ្លាមៗថា ខ្លូនមិនបានប្រព្រឹត្តិរឿងបែបនោះឡើយ នឹងបានអះអាងថា Tesla មានគោលការណ៍ច្បាស់លាស់ក្នុងម៉ោងបម្រើការងាររបស់ខ្លួន ដោយមិនតម្រូវឱ្យបុគ្គលិកណាម្នាក់មានការរើសអើងពូជសាសន៍នោះឡើយ ជាពិសេសទៅលើបុគ្គលិកជនជាតិស្បែកខ្មៅ។ Tesla បញ្ជាក់បន្ថែមទៀតថា ខ្លួនកំពុងត្រូវបានគេចោទប្រកាន់ទាំងស្រុងអំពីបញ្ហាដែលកំពុងកើតឡើងនេះ។

គួរបញ្ជាក់ដែរថា ការចោទប្រកាន់ខាងលើនេះនៅមិនទាន់មានចំណាត់ការណាមួយថា ភាគីខាងណាខុស ឬត្រូវនៅឡើយនោះទេ ដូច្នេះមានតែរង់ចាំការចេញផ្សាយព័ត៌មានជាបន្ត៕