(ចិន)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ កីឡាករអត្តពលកម្មរបស់កម្ពុជា ឈុន ប៊ុនថន បានបំបែកកំណត់ត្រាជាតិថ្មីសម្រាប់វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ជាប្រវត្តិសាស្រ្តរយៈពេល ៥៨ឆ្នាំ។

យោងតាមរបាយការណ៍របស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានប្រតិភូ បានបញ្ជាក់ថា កីឡាករ ឈុន ប៊ុនថន ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩។

លោកបានបញ្ជាក់ថា កីឡាកររូបនេះបានបំបែកកំណត់ត្រាជាតិថ្មី បន្ទាប់ពីរូបគេប្រើថិរៈវេលា ៣នាទី និង ៥៩.៩៧ វិនាទី បំបែកកំណត់ត្រាចាស់របស់កីឡាករ Nhea Khay ថេរៈវេលា ៤នាទី និង ១វិនាទី ក្នុងព្រឹត្តិការណ៍ SEAP Games លើកទី៣ ឆ្នាំ១៩៦៥។

ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣រូបនេះ បានបញ្ជាក់ថា ខ្លួនបានបំបែកកំណត់ត្រាជាតិ(National Record) សម្រាប់វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រនេះ បន្ទាប់ពីគេប្រើថិរវេលា ៣នាទី និង ៥៩.៩៧វិនាទី ដែលបំបែកកំណត់ត្រាចាស់របស់គ្រូបង្វឹកខ្លួនលោក គៀង សាម៉ន ដែលធ្លាប់ប្រើថិរវេលា ៤នាទី និង ៣វិនាទី ដែលលើវិញ្ញាសាដូចគ្នា កាលពីជិត ១០ឆ្នាំមក ។

យ៉ាងណាមិញ ឈុន ប៊ុនថន មិនទាន់បញ្ចប់ភារកិច្ច ក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះទេ ដោយគេនៅសល់ ១វិញ្ញាសាទៀត ពោលគឺវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដែល ប៊ុនថន ដណ្ដើមបានមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ហើយគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី០២ ខែតុលាដើមសប្ដាហ៍ក្រោយ។ វិញ្ញាសារត់ ៨០០ម៉ែត្រនេះ ប៊ុនថន ធ្លាប់ឈរចំណាត់ថ្នាក់លេខ១១ ក្នុងការប្រកួតជើងឯកអាស៊ី នៅថៃ កាលពីថ្មីៗ ។

នៅក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីលើកទី១៩នេះ កីឡាករ ឈុន ប៊ុនថន ទទួលបានចំណាត់ថ្នាក់លេខ៩ លើ១០នាក់។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបើកការប្រកួតកីឡាអាស៊ី លើកទី១៩ កម្ពុជាបានត្រៀមប្រតិភូ និងអត្តពលិកប្រមាណ ១០០នាក់ ដើម្បីចូលរួមដង្ហែក្បួនជាមួយបណ្ដាប្រទេសក្នុងទ្វីបអាស៊ី ទាំង ៤៥ប្រទេស។ ក្នុងនោះកម្ពុជាបានជ្រើសរើសអត្តពលិកឆ្នើម ២រូប ដើម្បីកាន់ទង់ជាតិ រួមមានកីឡាករបាល់បោះ ទេព ឆរ៉ាត់ និងកីឡាការិនីគុនដាវ ហៃ ស្រីស្រស់។

ព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ដំណើរការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលាខាងមុខ ដោយកម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាទៅចូលរួម រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ៕