(បរទេស)៖ ថ្មីៗនេះអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានឱ្យដឹងថា វិស័យបន្ទះឈីបទំនងជាអាចនឹងជួបវិបត្តិបន្ថែមទៀត ខណៈដែលក្រុមហ៊ុន Apple នឹងកាត់បន្ថយការបញ្ជាទិញបន្ទះឈីប 3nm សម្រាប់ឆ្នាំ២០២៤ ប្រហែលខ្ទង់ ២០ ទៅ ៣០ភាគរយឯណោះ។ នេះបើយោងតាមការចញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពពីលោក Kou បានគូសបញ្ជាក់ថា ទីផ្សារបន្ទះឈីប និងទីផ្សារផលិតផលពាក់កណ្តាលសម្រេច (Semiconductor) នឹងធ្លាក់ចុះកំណើនដាក់លក់នៅត្រីមាសទី២ នៃឆ្នាំ២០២៣ នេះ ប៉ុន្តែបញ្ហានេះអាចនឹងមិនចប់ភ្លាមៗនោះទេ ដែលវានឹងបន្តរហូតដល់ ត្រីមាស២ នៃឆ្នាំ២០២៤ ខាងមុខឯណោះ។

យ៉ាងណាមិញជុំវិញហេតុផលនៃការកាត់បន្ថយការបញ្ជាទិញបន្ទះឈីប 3nm ពីក្រុមហ៊ុន Apple នេះមានហេតុផលមួយចំនួនដូចជា វិបត្តិសេដ្ឋកិច្ច ពិសេសតម្រូវការទៅលើឧបរករណ៍ដែលដំណើរការដោយបន្ទះឈីប 3nm ធ្លាក់ចុះ ដោយសារសង្រ្គាមនៅរុស្ស៊ី និងអ៊ុយក្រែន។ មូលហេតុមួយទៀតនោះអាចមកពី Apple កំពុងមានបញ្ហាក្នុងការបំពេញគោលដៅផលិតកម្មរបស់ខ្លួនសម្រាប់បន្ទះឈីប 3nm ដែលបណ្តាលមកពីភាពស្មុគស្មាញនៃដំណើរការផលិត 3nm ឬមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

តែយ៉ាងណានេះគ្រាន់តែជាការរំពឹងទុករបស់អ្នកវិភាគប៉ុណ្ណោះ ចំពោះហេតុផលជាក់ស្តែងនៅមិនទាន់មានការបញ្ជាក់ពី Apple នៅឡើយនោះទេ៕