(ហាន់ចូវ)៖ កីឡាករអត្តពលកម្មជម្រើសជាតិកម្ពុជា ឈុន ប៊ុនថន បានបញ្ចប់ការប្រកួតវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិនហើយ តែពុំបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ ។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក គៀង សាម៉ន ។

ប៉ុន្ដែម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងលើ បានបញ្ជាក់ថា ខ្លួនបានបំបែកកំណត់ត្រាជាតិ(National Record) សម្រាប់វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រនេះ បន្ទាប់ពីគេប្រើថិរវេលា ៣នាទី និង ៥៩.៩៧វិនាទី ដែលបំបែកកំណត់ត្រាចាស់របស់គ្រូបង្វឹកខ្លួនលោក គៀង សាម៉ន ដែលធ្លាប់ប្រើថិរវេលា ៤នាទី និង ៣វិនាទី ដែលលើវិញ្ញាសាដូចគ្នា កាលពីជិត ១០ឆ្នាំមក ។

យ៉ាងណាមិញ ឈុន ប៊ុនថន មិនទាន់បញ្ចប់ភារកិច្ច ក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះទេ ដោយគេនៅសល់ ១វិញ្ញាសាទៀត ពោលគឺវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដែល ប៊ុនថន ដណ្ដើមបានមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ហើយគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី០២ ខែតុលាដើមសប្ដាហ៍ក្រោយ ។ វិញ្ញាសារត់ ៨០០ម៉ែត្រនេះ ប៊ុនថន ធ្លាប់ឈរចំណាត់ថ្នាក់លេខ១១ ក្នុងការប្រកួតជើងឯកអាស៊ី នៅថៃ កាលពីថ្មីៗ ។

គួរដឹងថា ដំណាលគ្នានឹងការប្រកួតរបស់ ឈុន ប៊ុនថន ក៏មានមិត្តរួមជាតិ ៤រូបទៀត បានបញ្ចប់ការប្រកួត និងធ្លាក់ក្នុងវគ្គជម្រុះផងដែរ រួមមានកីឡាករ ប៉ែន សុខគង់ និងកីឡាករ ណឹប ច័ន្ទយូរ៉ុង (វិញ្ញាសារត់ ១០០ម៉ែត្របុរស), កីឡាករ សន ពិសី (រត់ចម្ងាយ ១,៥០០ម៉ែត្របុរស) និងកីឡាការិនី សាង លីដា (វិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រនារី) ៕