(ប៉ារីស)៖ អត្តពលិកប៉ារ៉ាឡាំពិក មកពីប្រទេសរុស្ស៊ី នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Paris Paralympics Games 2024 បន្ទាប់ពីក្រុមមន្ត្រីបានបោះឆ្នោត ប្រឆាំងនឹងការហាមឃាត់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានបោះឆ្នោតដើម្បីព្យួរមួយផ្នែក នៃគណៈកម្មាធិការប៉ារ៉ាឡាំពិកជាតិរុស្ស៊ី នោះមានន័យថា អត្តពលិកអាចចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នៅទីក្រុង Paris បាន ក្នុងនាមអត្តពលិកអព្យាក្រឹត្យ។

សូមរំលឹកថា រុស្ស៊ី ត្រូវបានព្យួរពីការប្រកួតក្នុងព្រឹត្តិការណ៍ Paralympic គិតចាប់តាំងពីការឈ្លានរបស់ខ្លួន លើប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ខណៈព្រឹត្តិការណ៍ Paris Paralympics Games 2024 នឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែសីហា បន្ទាប់ពីព្រឹត្តិការណ៍ Paris Olympics Games នារដូវក្តៅខាងមុខ៕