(ឡុងដ៍)៖ ខ្សែការពារក្លិប Manchester United កីឡាករ Lisandro Martinez ត្រូវបានគេរំពឹងថា នឹងត្រូវអវត្តមានពីការប្រកួតរយៈពេល ២ ឬទៅ ៣ខែ ជាមួយនឹងបញ្ហារបួសប្រអប់ជើងមានភាពធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ២៥ឆ្នាំរូបនេះ ក៏ធ្លាប់បានខកខានពីការប្រកួត កាលពីចុងបញ្ចប់នៃរដូវកាលមុន បន្ទាប់ពីជួបបញ្ហារបួសបាក់ឆ្អឹងប្រអប់ជើងកាលពីខែមេសា ហើយរូបគេបានវិលត្រឡប់មកមានសកម្មភាពវិញនាពេលកន្លមកនេះ នៅការចាប់ផ្តើមរដូវកាលនេះ ប៉ុន្តែក្លិប Man United បានបង្ហាញថា Lisandro Martinez អាចនឹងត្រូវអវត្តមានម្តងទៀត ដោយសាររបួសមានស្ថានភាពធ្ងន់ធ្ងរ។

អ្នកចាត់ការក្លិបលោក Erik ten Hag បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រ បានឲ្យដឹងថា «វាពិជាគួរឲ្យសោកស្តាយខ្លាំង សម្រាប់រូបគាត់ និងក្រុម ដោយសារគាត់មិនទាន់ជាសះស្បើយ ១០០ភាគរយ»

សូមជម្រាបថា កីឡាករ Martinez បានចូលរួមជាមួយ Man United ដោយផ្ទេរមកពីក្លិប Ajax កាលពីខែកក្កដា ឆ្នាំមុន លើកិច្ចព្រមព្រៀងតម្លៃ ៥៧លានផោន និងបានជួយឲ្យក្លិប បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងលីគ Premier League កាលពីរដូវកាលមុន និងបានឈ្នះពានរង្វាន់ Carabao Cup ខណៈរដូវកាលថ្មីនេះទើបលេងបាន ៦ប្រកួតផងដែរ៕